(កំពត)៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដល់អ្នកធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាក្នុងខេត្តកំពត-កែប។

គោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីខ្លឹមសារនៃច្បាប់ទាំង៤ រួមមាន៖ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង, និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពលើផលិតផល ទំនិញ និងសេវា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ង៉ែត ចេក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត។

ក៏មានការចូលរួមពីសំណាក់ លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ព្រមទាំងមន្ត្រីក្រសួង មន្ទីរ អាជ្ញាពាក់ព័ន្ធ និងពាណិជ្ជករមកពីខេត្តកំពត និងខេត្តកែប ដែលសិក្ខាសាលានេះរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណីជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឧបត្ថម្ភធំដោយ ធនាគារឯកទេសវីង និងក្រុមហ៊ុនធានារ៉ាប់រង FWD។

ក្នុងឱកាសនោះ លោកឧកញ៉ា ហាក់ សុវណ្ណា បានលើកឡើងថា សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពាណិជ្ជករទាំងអស់ដែលធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ព្រោះសិក្ខាសាលានេះ នឹងធ្វើការបញ្ជ្រាប ការយល់ដឹងបន្ថែមអំពីខ្លឹមសារច្បាប់ ដែលមានសារៈសំខាន់ចំនួន៤ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដែលមានការបង្ហាញ និងបកស្រាយពីមន្ត្រីក្រសួងជំនាញ។

លោក ហាក់ សុវណ្ណា បានបន្តថា ការប្រកបមុខរបរ ឬការរកស៊ីបច្ចុប្បន្នខុសពីមុន ដែលមាននិន្នាការប្រែប្រួល ផ្លាស់ប្តូរ បត់បែនបន្តិចម្តងៗ ទៅនឹងបរិបទសេដ្ឋកិច្ចតំបន់ និងពិភពលោក ហើយចាប់ពីពេលនេះតទៅអនាគត់ តាមបរិយាកាសអាជីវកម្ម ដែលយើងត្រូវទាមទាការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ អំពីចំណេះដឹង ដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម និងពាណិជ្ជកម្មរបស់យើង។ ហើយក្នុងសិក្ខាសាលានេះដែរ គឺយើងមានមន្ត្រីជំនាញមកពី ស្ថាប័ន រដ្ឋសំខាន់ៗចំនួន២ គឺក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីធ្វើបទបង្ហាញបកស្រាយពីខ្លឹមសារច្បាប់សំខាន់ៗ ចំនួន៤ ខាងលើនេះ។

លោក ង៉ែត ចេក បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសុខសន្តិភាព បានបង្ករឱកាសដល់អ្នកវិនិយោគជាតិ អន្តរជាតិ អាជីវករ ពាណិជ្ជករ ប្រកបអាជីវកម្មរបស់ខ្លួនមានការរីកចម្រើន ជាលំដាប់។

ទន្ទឹមនឹងនេះដែរ ពាណិជ្ជករ អាជីវករទាំងអស់ ក៏ត្រូវយល់ដឹងអំពីច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនឹងអាជីកម្មរបស់ខ្លួន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញឱ្យអាជីវកម្មមានស្តង់ដា និងប្រកបដោយគុណភាព ព្រមទាំងទទួលបានការគាំពារផ្នែកច្បាប់ពីក្រសួងពាក់ព័ន្ធផងដែរ។

លោករដ្ឋលេខាធិការ នឹងសង្ឃឹមថា ក្រោយពីសិក្ខាសាលានេះបានបញ្ចប់ ពាណិជ្ជករ អាជីវករក្នុងខេត្តកំពត-កែប ទាំងអស់ និងអនុវត្តន៍តាមច្បាប់ដែលបានផ្សព្វផ្សាយនាពេលនេះ ដើម្បីជាផលប្រយោជន៍ និងកាត់បន្ថបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។

សូមរំលឹកថា ច្បាប់ចំនួន៤នោះមានដូចជា៖ ១.ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះត្រូវបានកែសម្រួលដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញឱ្យមានការវិនិយោគនៅកម្ពុជាយើងឱ្យមានការកើនឡើង ក្នុងនោះមានទាំង ការលើកទឹកចិត្តក្នុងវិស័យផ្សេងៗដូចជា ឧស្សាហកម្មឌីជីថល ឧស្សាហកម្មមេកានិក និងគ្រឿងម៉ាស៊ីន ការវិនិយោលើវិស័យឡូជីស្ទិក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម ក្រៅពីនេះមានការលើកលែងពន្ធលើប្រាក់ចំនេញផងដែរ។ ២.ច្បាប់ស្តីពីកិច្ចការប្រើប្រាស់ មានគោលដៅបង្កើតបរិយាកាស សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ ការធ្វើពាណិជ្ជកម្មនោះ មានការប្រកួតប្រជែងដោយសុច្ចរិត និងអ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពជាមួយគា្នដោយទំនុកចិត្ត។ ៣.ច្បាប់ស្តីពីការប្រកួតប្រជែងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងស្មើភាពគ្នា ដោយស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយឱ្យអ្នកប្រើប្រាស់ទទួលបានទំនិញ និងសេវាដែលមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។ ៤.ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា មានគោលបំណងធានាការអនុវត្តធុរកិច្ចក្នុងពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ដោយស្មើភាព និងស្មោះត្រង់ ផ្គត់ផ្គង់ទំនិញសេវាប្រកបជាគុណភាព និងសុវត្ថិភាព ការពារអ្នកប្រើប្រាស់ផលិតផល ទំនិញដែលគ្មានសុវត្ថិភាព ប៉ះពាល់ដល់សុខភាពសាធារណៈ និងការក្លែងបន្លំគុណភាព បរិមាណ ប្រភព និងការផ្សាយពាណិជ្ជកម្មភូតកុហក៕