(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះខ្លួន ប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន៨១៧.៩លានដុល្លារ ស្មើនឹង៣១.៦៧% នៃផែនការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២២។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ក្នុងនោះក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន២៣.១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ ដោយគិតជាទឹកប្រាក់មានចំនួនជិត៦០០លានដុល្លារសហរដ្ឋអាមេរិក។ តាមផែនការកំណត់របស់អគ្គនាយកដ្ឋានគយ ការប្រមូលពន្ធត្រូវសម្រេចឲ្យបានជាង ២៤០០លានដុល្លារក្នុងឆ្នាំ២០២២។

លោកបានបញ្ជាក់ថា សម្រាប់ផែនការនៃការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ២០២២ មានស្ថានភាពទាបជាងឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ មានការលំបាក។ ក្រៅពីបញ្ហានៃជំងឺកូវីដ១៩ ក៏មានបញ្ហាតានតឹងមួយទៀត គឺការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ដែលជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក ធ្វើឲ្យប្រេងសាំង និងទំនិញផ្សេងៗជាច្រើនទៀតឡើងថ្លៃ។

លោកបញ្ជាក់ថា ចំពោះការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍នូវអ្វីដែលបានចែង ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចកម្ពុជា ត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

លោកបានបញ្ជាក់ថា «ក្នុងបរិបទដែលបានរួចផុតពីជំងឺកូវីដ១៩ ការបើកប្រទេស, បើកសេដ្ឋកិច្ចឡើងវិញ បូករួមជាមួយក្ដីសង្ឃឹមថា ការស្ដារសេដ្ឋកិច្ចឡើងវិញនឹងរលូន ប៉ុន្ដែបញ្ហាម្ខាងទៀត គឺសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សីដែលបង្កភាពតានតឹងរវាងមហាអំណាច ជះឥទ្ធិពលលើសេដ្ឋកិច្ច ពាណិជ្ជកម្មលើពិភពលោក និងបានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ»

សូមជម្រាបថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល ស្មើនឹង ២,២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕