(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងមានសមត្ថកិច្ច។ ដូច្នេះប្រជាការពារ ត្រូវបន្តបំពេញតួនាទីភារកិច្ចនេះឱ្យបានល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានមោទនភាព ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការលើកឡើងរបស់អភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារនៅក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ចំនួន៣៦៥០នាក់។

លោក វ៉ី សំណាង បានលើកឡើងថា ប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋានផងដែរ។

លោកបានគូសបញ្ជាក់ថា ភូមិឃុំសង្កាត់មានសុវត្ថិភាព ជាក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយកន្លងមកនេះ ប្រជាការពារបានបំពេញការងារយ៉ាងសកម្មជាមួយអាជ្ញាធរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ថ្លែងលើកឡើងក្នុងឱកាសនោះដែរលោក វ៉ី សំណាង ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តគិតគូរដល់ប្រជាការពារ ហើយពិសេសត្រូវផ្តល់នូវសំភារៈចំាបាច់នានាមានដូចវិទ្យុទាក់ទង ដើម្បីជាមធ្យោបាយសម្រាប់ទំនាក់ទំនងការងាររវាងប្រជាការពារ និងប្រជាការពារ និងរវាងកម្លាំងមានសមត្ថកិច្ច ដើម្បីប្រសិទ្ធភាពការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើយ៉ាងណាឱ្យភូមិឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្ដៅបន្ថែមទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់ប្រជាការពារ ចំពោះការលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់ខ្លួន ពិសេសក្នុងឱកាសសង្ក្រាន្តកន្លងមក៕