(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធ «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» ដោយមានការសហការ ឧបត្ថម្ភដោយបណ្តាក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និងអង្គការនានា ដែលនេះជាលើកទីមួយ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានផ្តួចផ្តើមឱ្យមាននូវទិវានិស្សិតនេះឡើង។

នៅក្នុងពិធីប្រកាសបើក «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» នេះក៏មានការអញ្ជើញចូលរួមជា អធិបតីពីសំណាក់ លោក គិត ច័ន្ទគ្រឹស្នា សាកលេវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ គណៈគ្រប់គ្រង លោក-លោកស្រីតំណាងក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និងអង្គការ សិស្ស-និស្សិត និងអ្នកសារព័ត៌មានផងដែរ។

លោក គិត ច័ន្ទគ្រឹស្នា សាកលេវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងថា ទិវានេះប្រារព្ធធ្វើឡើង ក្នុងគោលបំណង ផ្តល់ឱកាសដល់និសិ្សតទាំងអស់ ជាពិសេសនិស្សិត ផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដូចជាផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៏ និងអ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ អាចបញ្ចេញនូវស្នាដៃរបស់ខ្លួន ព្រមទាំងសមត្ថភាព និងបទពិសោធន៏ដែលនិស្សិតបានរៀនសូត្រ ចេះពីសាស្ត្រាចារ្យ និងការអនុវត្តន៏ផ្ទាល់ តាមរយៈការដាក់តាំងបង្ហាញនូវរូបភាព សកម្មភាពចូលរួមសង្គម ការចុះសហគមន៍ ការស្រាវជ្រាវ និងផលិតផលពិតដែលនិស្សិត អាចផលិតបានដោយប្រើប្រាស់នូវរុក្ខជាតិឱសថ បន្លែផ្លែឈើ រួមជាមួយឧបករណ៏សំភារៈបរិក្ខារ វេជ្ជសាស្រ្តដែលមានស្រាប់ ឲ្យចេញជាឱសថ ឬផលិតផលសុខាភិបាលផ្សេងៗ ដែលអាចប្រើប្រាស់បាន។

លោកបន្តថា ទិវានេះមានការផ្តល់សេវាកម្មសុខាភិបាល ជូនដល់អ្នកទស្សនា ដោយសាស្ត្រាចារ្យជំនាញផ្នែកសុខាភិបាល និងនិស្សិតវិទ្យាសាស្ត្រសុខាភិបាល ដូចជាការធ្វើតេស្តឈាម ការពិនិត្យសុខភាព ការអប់រំអំពីសុខភាព ការថែរក្សាគត៌ មុន និងក្រោយពេលសម្រាល ការថែទាំទារក ការធ្វើបបរគ្រប់គ្រឿង និងព្យាបាលជំងឺមាត់ធ្មេញ ។

លោក គិត ច័ន្ទគ្រឹស្នា បានបន្ថែមថា ទិវាដ៏មានសារសំខាន់នេះ ក៏មានការបង្ហាញជូនអ្នកទស្សនា សាធារណជន ជាពិសេស ឪពុកម្តាយ អាណាព្យាបាលរបស់សិស្ស-និស្សិត ប្អូនៗសិស្សានុសិស្សថ្នាក់វិទ្យាល័យ ឱ្យយល់កាន់តែច្បាស់អំពីសមត្ថភាព របស់និស្សិត និង គុណភាពអប់រំ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានផ្តល់ជូននិស្សិតរបស់ខ្លួន ដែលនិស្សិតនឹងទទួលបាន នូវចំណេះដឹង បទពិសោធន៏ និងជំនាញទុនល្អៗបន្ថែមទៀត ពីការរៀបចំទិវានេះ ដូចជាជំនាញក្នុងការទំនាក់ទំនងការធ្វើការងារ ជាក្រុម ការសហការគ្នា សាមគ្គីភាព ការដឹកនាំក្រុមការងារ ភាពទំនួលខុសត្រូវ និងការលើកតម្កើនវប្បធម៌នៃការចែករម្លែក ទៅវិញទៅមក រវាងនិស្សិតនិងនិស្សិត និងរវាងនិស្សិត និងបុគ្គលិកសិក្សា។

សូមបញ្ជាក់ថា «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» នេះ គឺបើកឱ្យសាធារណជន ចូលរួមទស្សនាស្តង់ពិព័រណ៍ ស្នាដៃរបស់និស្សិត ដោយសេរី ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង០៦៖០០នាទីល្ងាច មិនតែប៉ុណ្ណោះអ្នកចូលមកទស្សនា នឹងទទួលបានការពិនិត្យសុខភាព ការធ្វើតេស្តឈាម និងការព្យាបាលមាត់ធ្មេញ ដោយមិនគិតថ្លៃផងដែរ៕