(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចាំយាម ប្រចាំខេត្តកោះកុង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជា-ថៃ បានឯកភាពគ្នាបើកច្រកទ្វារអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសម្រួបសម្រួលនៃសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារ។

លោកបានបន្ថែមថា សម្រាប់៣ថ្ងៃ ដែលភាគីថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ជាសញ្ញាល្អមួយ បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ អាចឆ្លងដែនទៅវិញទៅមកទំនិញលក់ បន្លែ ផ្លែឈើ ទំនិញវេចខ្ចប់ ដើម្បីស្តារសេដ្ឋកិច្ចជីវភាពគ្រួសាររបស់ពួកគេដូចធម្មតា។

បើតាមប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម រយៈពេល៣ថ្ងៃ នៃការបើកច្រកទ្វារព្រំដែនរបស់ថៃ ដោយអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចធ្វើដំណើរចេញចូលបានដូចពេលមុននេះ គឺមានពលរដ្ឋខ្មែរប្រមាណ៥២នាក់ហើយ ដែលបានធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃ។

ការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ទៅក្នុងគោលបំណងដើម្បីទៅរកសេវាព្យាបាលសុខភាព ទេសចរណ៍កម្សាន្ត ទិញទំនិញពាណិជ្ជកម្ម និងទៅលេងសាច់ញ្ញាតិ តាមរយៈការបំពេញបែបបទ កាតវ៉ាក់សាំង និងធ្វើតេស្តសុខភាពរករោគកូវីដ១៩ តបនឹងភាគីតម្រូវលក្ខខណ្ឌ។

ពាក់ព័ន្ធនឹងលក្ខខណ្ឌនេះដែរ ភាគីថៃសំណូមពរដល់មន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិចាំយាម អនុវត្តជាបណ្តោះអាសន្នសិន បើគ្មានផែនការប្រែប្រួលទេនោះ នៅខែក្រោយ ថៃអាចបន្ធូរបន្ថយលក្ខខណ្ឌ កាន់តែងាយស្រួលថែមទៀតជាងពេលនេះ។

លោក សុវណ្ណ ប៊ុនធឿន បានឲ្យដឹងថា ចំពោះពលរដ្ឋធ្វើដំណើរទៅឆ្លងដែន ចាកចេញពីកម្ពុជាទៅប្រទេសថៃ មានចំនួនច្រើន ជាងអ្នកធ្វើដំណើរចូលកម្ពុជា។ មូលហេតុដែល ពួកគេមកកម្ពុជា ដើម្បីសួរសុខទុក្ខសាច់ញាតិ ពុំមែនមកពិនិត្យសុខភាព ឬទិញទំនិញនោះទេ។

លក្ខខណ្ឌដែលពលរដ្ឋកម្ពុជាអាចឆ្លងដែនទៅកាន់ប្រទេសថៃ រួមមាន៖ទី១ ចូលប្រទេសថៃ រយៈពេល៥ថ្ងៃឡើងទៅ តម្រូវចុះឈ្មោះតាម Thailand pass មុន៣ថ្ងៃ។ ទី២ កាតចាក់វ៉ាក់សាំង២ដូសឡើងទៅ លទ្ធផលតេស្តសុខភាពទទួលស្គាល់ពីមន្រ្តីសុខាភិបាល និងទី៣៖ បណ្ណធានារ៉ាប់រងតម្កល់ និងលិខិតឆ្លងដែន។

ដោយឡែក ការចូលទៅត្រឹមតែខេត្តត្រាត មិនបាច់ចុះឈ្មោះតាម Thailand pass នោះទេ, អ្នកមិនបានចាក់វ៉ាក់សាំង ឬចាក់មិនពេញលេញ ត្រូវមានតេស្តសុខភាព មុន៧២ម៉ោង, ចាក់វ៉ាក់សាំង២ដូសឡើង មិនបាច់ទិញបណ្ណ័ធានារ៉ាប់រងនោះទេ និងអនុញ្ញាតគ្រប់សញ្ជាតិ រថយន្តចេញចូលមានរយៈពេលកំណត់។

ទាំងអ្នកដំណើរមកពីបណ្តារាជធានីខេត្ត និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងផ្ទាល់ បង្ហាញក្តីរីករាយ ពេលឃើញភាគីថៃបើកច្រកទ្វារឡើងវិញ ដោយអនុញ្ញាតឲ្យធ្វើដំណើរ និងដោះដូរទំនិញចេញចូលបាន។

ថៃបើកខៀវភ្លើងឆ្លងដែននេះ ធ្វើពលរដ្ឋខ្មែរសម្រុកទៅពិនិត្យព្យាបាលជំងឺ ទៅលេងសាច់ញ្ញាតិ ដំណើរកម្សាន្តទេសចរណ៍ និងទិញទំនិញពាណិជ្ជកម្មជាដើម។ សម្រាប់ពលរដ្ឋទៅថៃ រយៈពេល៣ទៅ៤ថ្ងៃ ភាគច្រើនទៅពិនិត្យជំងឺ កម្សាន្តទេសចរណ៍ ទើបត្រឡប់មកវិញកម្ពុជា តាមការអនុវត្តលក្ខខណ្ឌរបស់ភាគីថៃកំណត់។

លោកក៏បានអំពាវរនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅ ទាំងភ្ញៀវជាតិ-អន្តរជាតិ សូមអនុវត្តនូវវិធានការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនជានិច្ច «៣កុំ ៣ការពារ»៕