(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពីការជំរុញសហគ្រិន ភាពជាយុវជន ក្រោមប្រធានបទ «ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព» ចាប់ពីម៉ោង ៨៖៣០ព្រឹកតទៅ និងមានការផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានវាគ្មិនកិត្តិយសសំខាន់ៗចំនួន ៧រូបទៀតផងដែរ។

សិក្ខាសាលាជាស៊េរីវគ្គទី៤ បានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចជា៖

* ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM
* ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា
* អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស
* យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល
* ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព
* បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ៕