(ភ្នំពេញ)៖ លោក ឯក ឃុន ដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាដល់ប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់អំណោយ ដែលប្រជាពលរដ្ឋចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ទាំង៣៤គ្រួសារ ទទួលបានពីគណកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ នាពេលនេះ គឺក្នុង១គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីវអីវ១យួរ, ក្រម៉ា១ និងថវិកា២០,០០០រៀល។

លោក ឯក ឃុនដឿន នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាដល់ប្រជាពលរដ្ឋ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា «យើងជាសមាជិកបក្សម្នាក់ ត្រូវធ្វើជាឃោសនិកម្នាក់ជាប្រតិកម្មរហ័សម្នាក់ ជាសកម្មជនម្នាក់ ជាមេខ្យល់ម្នាក់ ហើយត្រូវមានឆន្ទ:ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក»

សូមជម្រាបថា ការរក្សាបានសមាជិកទាំងចាស់ និងថ្មីបន្ថែម គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធី នយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យ សមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕