(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពង់ធំ បានជំរុញឲ្យសមាជិកសមាជិកាគណបក្សទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលនានា របស់គណបក្សជូនដល់សមាជិក និងអ្នកគាំទ្ររបស់គណបក្ស ព្រមទាំងខិតខំចុះសាសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសិក្សាស្វែងយល់អំពីបញ្ហាអាទិភាពដែលពួកគាត់សំណូមពរ ដើម្បីយកមកធ្វើការពិភាក្សា និងដោះស្រាយបានទាន់ពេលវេលា។

ការថ្លែងនេះត្រូវបានលោក ងួន រតនៈ លើកឡើងនៅក្នុងពិធីអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយបេក្ខជនចំនួន១២០រូប ដែលបានឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន។

លោក ងួន រតនៈ បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលរឹងមាំ មានវ័យចំណាសជាងគេ និងគោលនយោបាយច្បាស់លាស់ ក្នុងការជួយរំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍ ព្រមទាំងកសាងប្រទេសជាតិចាប់ចំណុចសូន្យរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ រហូតទទួលការជឿជាក់ និងមានការបោះឆ្នោតគាំទ្រគណបក្សប្រជាជន ពីប្រជាពលរដ្ឋទទួលបានជ័យជម្នះជាបន្តបន្ទាប់។

លោកបន្ថែមទៀតថា ដើម្បីទទួលបាននូវភាពឈ្នះបន្តទៀត សូមសមាជិកសមាជិការគណបក្ស ខិតខំពង្រឹង ពង្រីកបន្ថែមទៀតនូវសមាជិកគណបក្ស ក្តាប់ឲ្យបាននូវសភាពការណ៍ក្នុងមូលដ្ឋាន ធ្វើយ៉ាណាឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជានិងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោក ងួន រតនៈ បានបន្ថែមថា គណបក្សប្រជាជនបានរក្សាសន្តិភាព ជូនពលរដ្ឋ និងកំណត់ចក្ខុវិស័យទាំង ផ្នែករឹង ដែលផ្តល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ទាំងហេដ្ឋារចនាម្ព័ន្ធផ្លូវថ្នល់ និងការង្កើន ពង្រឹងធនធានមនុស្ស។ រាជរដ្ឋាភិបាលរៀបចំការចងក្រងច្បាប់រដ្ឋធម្មនុញ្ញ និងកំណែទម្រង់ច្បាប់ក្នុងគោលបំណងពង្រឹងសមត្ថភាពផ្តល់អំណាចដល់ពលរដ្ឋ លើកស្ទួយជីវភាព តាមរយ:ការទទួលសេវា សាធារណៈបានលឿនឆាប់រហ័សដោយមានការ គាំទ្រពីច្បាប់។

លោកប្រធានគណបក្សខេត្តកំពង់ធំ បានសង្គត់ធ្ងន់ថា ដើម្បីរក្សាបានការដឹកនាំប្រទេសវែងឆ្ងាយគណបក្សប្រជាជន មិនប្រើប្រាស់យុទ្ធសាស្ត្រជិះក្របីចម្លង ភក់ដូចគណបក្សផ្សេងទៀតនោះទេ។ គណបក្សប្រជាជន រួមគ្នាថែរក្សា និងពង្រីកសមាជិកបក្ស (រក្សាចាស់ បង្កើតថ្មី) ក្នុងនោះ បើគណបក្សប្រជាជនឈ្នះ គណបក្សណាក៏រួមរស់ជាមួយបានដែរ។

លោក ម៉ាក់ ប៊ុនហុង ប្រធានបក្សក្រុងស្ទឹងសែន បានឲ្យដឹងថា សមិទ្ធផលដ៏ធំធេង ដែលគណបក្សប្រជាជនសម្រេចបាន តស៊ូពុះពារឧបសគ្គ ពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យភាព និងវឌ្ឍនភាពសង្គម។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលច្រើនឥតគណនា ជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិកម្ពុជា៕