(កំពង់ចាម)៖ លោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានរំពឹងទុកថា ក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរនឹងខិតខំប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អជូនគណបក្សប្រជាជនកម្ពុជា។

លោក ឃឹម សិរីវង្ស បានលើកឡើងដូច្នោះនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ខណ:ដែលលោក និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ។

លោក ឃឹម សិរីវង្ស បានថ្លែងថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ ការចូលរួមរបស់សមាជិកសមាជិកាគណៈកម្មការគណបក្សប្រជាជនកម្ពុជាក្នុងស្រុកព្រៃឈរ នឹងបង្ហាញអំពីលទ្ធផលនៃភាពឈ្នះ ពីការគាំទ្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញអំពីកម្រិតលទ្ធផល ដែលទទួលបានពីបណ្តាឃុំសង្កាត់ នូវជំនឿជឿជាក់របស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្មារតីស្រឡាញ់និងគោរព និងជឿទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានេះលោក អ៊ុន ចាន់ដា បានយកឱកាសនោះ ណែនាំបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះប្រធានភូមិអនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ។

រីឯនាយ នាយរងប៉ុស្តិ៍ និងមន្ត្រី ត្រូវខិតខំបំពេញការងារ កិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង១២ចំណុច។

លោក អ៊ុន ចាន់ដា ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕