(កំពង់ធំ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានជំរុញគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព ពិសេសការបន្ទោសបង់ពាសវាល ពាសកាល និងដើម្បីចូលរូមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះរបស់លោក ចាន់ តារា បានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសលោកអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបប្រចាំត្រីមាស របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត ដោយមានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានាអាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនផងដែរ។

លោកបានបន្តថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លទ្ធផលនៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ កើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាននៅ តាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់ អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ។

បើតាមលោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅលើការរួមបញ្ចូលគ្នានូវកម្លាំងរបស់ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ ផ្នែកឯកជន និងសាធារណជនទូទៅដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់សហគមន៍ជនបទ និងជំរុញសកម្មភាពដែលបង្កើតឡើងនូវផលិតកម្មប្រាក់ចំណូល និងការងារធ្វើដោយប្រើប្រាស់នូវបច្ចេកវិទ្យាសមស្របទៅតាមតម្រូវការ និងកន្លែងនីមួយៗ។

ប្រធានបន្ថែមថា ជាក់ស្ដែងលើកទឹកចិត្ត និងធ្វើឱ្យបានសម្រេចនូវអាកប្បកិរិយាឯករាជ្យ ដើម្បីដោះស្រាយបញ្ហាខ្លះៗរបស់គេ និងទទួលបាននូវភាពសោមនស្សជាបុគ្គលពីការធ្វើឱ្យមានវឌ្ឍនភាពខ្លួនគេ។ លើកទឹកចិត្ត និងជួយដល់សហគមន៍ជនបទឱ្យចូលរួមដោយផ្ទាល់ ក្នុងការកែលំអផលិតកម្ម កសិកម្ម ឧស្សាហកម្មជនបទ និងការស្វែងរកទីផ្សារសម្រាប់ដោះដូរផលិតផលរបស់គេ។

លោក មុំ ចែម បានបញ្ជាក់ថា ការកែលំអរសេដ្ឋកិច្ចជនបទដែលចាត់ទុកថាជាការងារអាទិភាពនោះ អាចជួយធ្វើឱ្យប្រែក្រឡះនូវនិន្នាការបច្ចុប្បន្នដោយស្ដារឡើងវិញនូវទំនុកចិត្តក្នុងជីវភាពជនបទ និងលើកទឹកចិត្តការអភិវឌ្ឍន៍សហគមន៍ដែលជួយលើកស្ទួយដល់កម្រិតជីវភាពរស់នៅជនបទ៕