(ភ្នំពេញ)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់របស់កម្ពុជា។

លោក Jacques Pellet មើលឃើញថា ការរីកចំរើននេះគឺដោយមានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមការ ដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខ។

ការកោតសរសើរនេះបានលើកឡើងនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង និងដោយមានការអមដំណើរពីលោក Philippe Baudry ទីប្រឹក្សាសេដ្ឋកិច្ច លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងលោក Liv RIthyra មន្ត្រីទទួលបន្ទុកសេវាសេដ្ឋកិច្ចរបស់ស្ថានទូត។

ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុង ក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាព សំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេ ដឹកជញ្ជូន ផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី និងការសិក្សា គម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងបានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូន ប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និងបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕