(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃ៤ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន៦៩គ្រួសារ ដែលរស់នៅលើបឹងទន្លេសាប ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ឡាង សារ៉ូ អភិបាលរងស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍អំពីស្ថានភាពទីតាំងភូមិសាស្រ្ត ដែលមានចំនួន ១១ឃុំ មានភូមិចំនួន ៩៧ភូមិ។ ដោយឡែកនៅក្នុងឃុំផាត់សណ្តាយ គឺជាឃុំដែលរស់នៅលើផ្ទៃទឹក។ ប្រជាពលរដ្ឋប្រកបមុខរបរនេសាទ មិនមានគ្រួសារណាធ្វើស្រែចម្ការនោះទេ ដូច្នេះ ធ្វើឱ្យពួកគាត់មានការលំបាក និងមានជីវភាពខ្វះខាត ដោយសារការនេសាទមិនបានគ្រប់គ្រាន់ រកបានព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។

លោកស្រី លំ គន្ធារី បានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបការលំបាកនៅពេលនេះ។

លោកស្រីបានបន្តថា អំណោយទាំងនេះ គឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្ត មេភូមិ មេឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត។ រហូតដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។

នាឱកាសនោះដែរ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាប សូមចូលរួមថែរក្សាតំបន់អភិរក្ស ដើម្បីការពារធនធានធម្មជាតិឱ្យមានការសម្បូរឡើងវិញឱ្យមាននិរន្តរភាពតកូនតចៅទៅមុខទៀត។ ការផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។

គួរបញ្ជាក់ថា ចំនួនគ្រួសារទីទ័លក្រ និងចាស់ជរាចំនួន ៦៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ និងឃីត ១កញ្ចប់៕