(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំចំនួនជិត៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹកប្រាក់ ៦០លានដុល្លារ បានបង់ចូលថវិកាជាតិ។

លោកថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។

លោក គុណ ញឹម បានថ្លែងថា «គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ម្ចាស់រថយន្តចំនួន ៦,៩២២គ្រឿង បានចូលខ្លួនទៅបង់ពន្ធ ដែលធ្វើឱ្យរដ្ឋទទួលបានចំណូលជិត ៦០លានដុល្លារ ។ ក្នុងចំណោមរថយន្ត ៦៩២២គ្រឿងនេះ ចំនួន៤៦៩០គ្រឿង បានបង់ពន្ធ និងបង្វែរប្រាក់កក់ចូលទៅក្នុងថវិកាជាតិរួចហើយ។ ដោយឡែក ក្នុងចំណោមរថយន្ត ចង្កូតស្តាំប្រមាណ ៤៥៩០គ្រឿង ដែលបានកក់ប្រាក់ក្នុងនោះ ២៣៥៩បានកែចង្កូតរួចហើយ នៅសល់ ២២៣០គ្រឿងទៀត ដែលកំពុងស្ថិតក្នុងរោងជាង ឬយាន្តដ្ឋានកែចង្កូតផ្សេងៗ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដែលគិតជាប្រាក់កក់មិនទាន់បង្វែរចូលថវិកាជាតិមានជាង ១៣លានដុល្លារ»

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធមានប្រមាណជិតមួយម៉ឺនគ្រឿង។

ប៉ុន្តែក្នុងចំណោមរថយន្តទាំងជាង១ម៉ឺនគ្រឿងនេះ តាមការប៉ាន់ប្រមាណ រហូតដល់ថ្ងៃបញ្ចប់ការប្រមូលពន្ធ រថយន្តប្រមាណតែជាង៨ពាន់តែប៉ុណ្ណោះ ដែលអាចនឹងចូលខ្លួនមកបង់ពន្ធ។ ដោយឡែករថយន្តចាស់ៗ និងរថយន្តខុសបច្ចេក(រថយន្តកាត់ត) ដែលគ្មានសុវត្ថិភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមិនអនុញ្ញាតឱ្យចូលខ្លួនប្រកាស ឬបង់ពន្ធនោះទេ។

លោកអំពាវនាវឱ្យម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ទៅប្រញាប់បង់ពន្ធ ដើម្បីជៀសការបង្រ្កាប ឬការផាកពិន័យផ្សេងៗ ព្រោះថ្ងៃឱសានវាទ នៅសល់តែជាង៥០ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺ ការប្រមូលពន្ធអាកររថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ នឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៤ខែនេះ កម្លាំងគយបានសហការជាមួយកម្លាំងប្រដាប់អាវុធ បានធ្វើការបង្រ្កាប រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ បានចំនួន១៧៨គ្រឿង បើគិតជាប្រាក់ពន្ធ៦៥ម៉ឺនដុល្លារ ក្នុងនោះរថយន្តចង្កូតស្តាំមានចំនួន៧គ្រឿង៕