(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» នៅសួនច្បារនាគបាញ់ទឹក។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំប្រារព្ធទិវា គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ដល់សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ថា «តាមពិតយើងត្រូវប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ព្រោះថ្ងៃនោះជាថ្ងៃប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនោះទេ ប៉ុន្តែដោយសារតែថ្ងៃទី៥ ខែមិថុនា គឺជាថ្ងៃដែលបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដូច្នេះ ហើយបានជាយើងត្រូវរំកិលមកមុន អញ្ចឹងបានជាយើងធ្វើមុនពេលវេលា»

លោកបានឱ្យដឹងថា សម្រាប់ការជ្រើសរើសខេត្តបាត់ដំបង ដើម្បីរៀបចំកម្មវិធីនេះ គឺជាការជ្រើសរើសផ្លាស់ប្តូរវេនតាមខេត្តនីមួយៗរៀងរាល់មួយឆ្នាំម្តងតែម្តងប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា គោលបំណងសំខាន់ៗនៃការប្រារព្ធទិវានេះរួមមាន៖ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារ សកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថានផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមាន ចំពោះបញ្ហាបរិស្ថានលើកទឹកចិត្តដល់វិស័យឯកជន ចូលរួមថែរក្សាបរិស្ថាន, ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគេ ដែលជាការចាប់ ផ្តើមយុទ្ធនាការនេះធ្វើឱ្យភពផែនដីស្អាតមានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត។

បន្ថែមពីនេះ លោកសង្ឃឹមថា សាធារណជនចូលរួមយ៉ាងសកម្មក្នុងការការពារ និងថែរក្សាបរិស្ថាន, សាធារណជនបានយល់អំពីវិធានការ ឬដំណោះស្រាយទៅនឹងបញ្ហាប្រឈមបរិស្ថានដែលយើងកំពុងជួបប្រទះ, សាធារណជនបានជ្រួតជ្រាបអំពីតួនាទីក៏ដូចជាការរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិ (ផែនដីមួយ បរិស្ថានមួយ ជីវិតតែមួយ), សាធារណជនទទួលបានចំណេះដឹងអំពី «ថែទាំភពផែនដី ដើម្បីសុខភាពយើង», ការយល់ដឹងពីវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងហើយប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសយុវជននឹងមានការចូលរួមកាន់តែសកម្មក្នុងកិច្ចគាំពារបរិស្ថាន៕