(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពី យុទ្ធសាស្ត្រដើម្បីគ្រប់គ្រង និងបង្ការភាពពិការភ្នែកសំរាប់ចក្ខុវិស័យ២០៣០ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលរៀបចំឡើង ដោយកម្មវិធីជាតិសុខភាពភ្នែក និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។

លោក ម៉ម ប៊ុនហេង បានថ្លែងថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ ពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្ដី បានបន្ដថា តាមរយៈកម្មវិធីជាតិសុខភាពភ្នែកបានបង្កើនពង្រឹងគុណភាព និងពង្រីកវិសាលភាព សុខភាពភ្នែកទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចប្រឹងប្រែងនេះ យើងសង្កេតឃើញថាសមត្ថភាពគ្រប់គ្រង និងបង្ការភាពពិការភ្នែកមានការវិវឌ្ឍកាន់តែប្រសើរឡើង។ ការចូលទៅប្រើប្រាស់សេវាថែទាំសុខភាពភ្នែក ក៏មានការកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបាន ដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់ ជាលទ្ធផលអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី ១,២% ក្នុងឆ្នាំ ១៩៩៥ មក ០,៣៨%ក្នុងឆ្នាំ ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ ២០១៩។ ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណះ និងជំងឺខ្វាក់មាន់ដែលបណ្តាលមកពីកង្វះជីវជាតិអា ត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខភាពភ្ន ក កម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យាបានធ្វើឲ្យតម្រូវការសុខភាពភ្នែក មានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្ត្រជាតិលើកទី៣សម្រាប់ ការគ្រប់គ្រងនិងបង្ការភាព ពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក មកត្រឹម០,៣៥% នៅឆ្នាំ២០៣០ ហើយុទ្ធសាស្ត្រជាតិនេះស្របតាមអនុសាសន៍ របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិ សម្រាប់ការការពារភាពពិការភ្នែក ហើយក៏ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០។

សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល បានបង្កើតឱ្យមាកម្មវិធីជាតិសុខភាពភ្នែកក្នុងឆ្នាំ១៩៩៥ បានបំពេញតួនាទី ជាសេនាធិការរបស់ ក្រសួងសុខាភិបាល ក្នុងការដឹកនាំធ្វើនិងអនុវត្តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក និងភាពចុះខ្សោយគំហើញនៅប្រទេសកម្ពុជា។

រហូតមកទល់ពេលនេះ កម្មវិធីជាតិសុខភាពភ្នែកមានអាយុ២៦ឆ្នាំហើយៗ ដោយបានសម្រេចបាននូវសមិទ្ធផលជាច្រើន រួមមានការអភិវឌ្ឍ ធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ័ ការគ្រប់គ្រងកម្មវិធីភ្នែកតាមបច្ចេកវិទ្យាសមស្របនិងការកៀរគរ រកថវិកាពីប្រភពផ្សេងៗសម្រាប់អនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដើម្បីទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក និងកម្សាយគំហើញ។

បន្ថែមពីនេះ លោករដ្ឋមន្រី្ដ ក៏បានសង្ឃឹមដែរថា វិស័យពាក់ព័ន្ធ និងដៃគូទាំងអស់នឹងបន្តគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រនេះដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០៣០ខាងមុខនេះ៕