(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្តគម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹម ទារក និងកុមារនៅតាមរោងចក្រសហគ្រាស (MUSEFO)។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFO ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួងឱ្យស្របតាមយុទ្ធសាស្រ្តចតុកោណ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។

គម្រោងនេះផ្ដោតលើរោងចក្រចំនួន១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីសារៈសំខាន់នៃការលើកកម្ពស់ សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។

លោកស្រី ហ្គ្វីណេត ខុតស៍ បានបញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។

កម្មវិធីនេះបានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភដូចជា សារៈសំខាន់នៃអាហារូបត្ថម្ភ ក្នុងការលើកកម្ពស់ សុខភាព និងការពារពីជំងឺផ្សេងៗ, អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន, ការថែទាំសុខភាពពេល លម្ហែមាតុភាព និងក្រោយសម្រាលកូន និងការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

លោកស្រីនាយិកាបានបន្តថា គម្រោងនេះនឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វផ្សាយព្រមទាំងបំពាក់នូវឧបករណ៍មួយចំនួនដូចជា ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម ដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ។

លោក អ៉ិត សំហេង ក៏បានវាយតម្លៃខ្ពស់ចំពោះអង្គការហេទ្បែន ខេលល័រ ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហាររូបត្ថម្ភកុមារនៅតាមរោងចក្រ សហគ្រាស ជាពិសេសជាស្ត្រីឱ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីបានចាត់ទុកគម្រោងនេះថា ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានបង្ហាញជំនឿជាក់ថា តាមរយៈគម្រោងនេះនឹងកាន់តែធ្វើឲ្យនិយោជក អនុវត្តន៍បានប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហាររូបត្ថម្ភ និងផលិតភាពការងារផងដែរ។ ជាក្តីរំពឹងទុក គម្រោងនេះមិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំង ជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត។ បន្ថែមពីនេះលោករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោង GIZ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ៕