(ភ្នំពេញ)៖ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនដៃដល់ដែលសម្លាប់ ប្អូនស្រីជីដូនមួយរបស់ខ្លួន ជាមួយបក្ខពួកស្ថិតនៅដីឡូត៍សំណង់បាក់បែក ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅនោះ ក្រោយការសួរនាំ ស្រាប់តែធ្លាយរឿងសម្លាប់ បុរសម្នាក់យកទៅទម្លាក់ទឹកនៅក្នុងរណ្តៅដី ស្ថិតនៅខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤កន្លងទៅ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ជននេះធ្លាប់បានសម្លាប់ បុរសម្នាក់រួច យកទៅទម្លាក់ទឹក ក្រោយពីជនរងគ្រោះ និងរូបគេបានឈ្លោះគ្នា ពេលនោះ ជនដៃដល់បានជិះម៉ូតូដេញតាមជនរងគ្រោះ​ រួចវាយសម្លាប់ចោលតែម្តង»

សម្រាប់ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមានស្រីមានប្រុសចំនួន៧នាក់ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក យឹម សារ៉ាន់ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»

លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូ និងម្សិលមិញបាននាំទៅយកទូរស័ព្ទ​ របស់នារីរងគ្រោះនៅផ្សារទឹកថ្លាផងដែរ។ សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕