(កំពង់ឆ្នាំង)៖ ផ្លូវបេតុងចំនួន៦ខ្សែនៅក្នុងភូមិ៤ នៃសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កំពុងដំណើរការកសាងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ នេះជាសមិទ្ធិផលថ្មីមួយទៀត របស់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

លោកស្រី ឌុច ម៉ូលី ចៅសង្កាត់ប្អេរ នៅល្ងាចថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ បាននិយាយឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ទើរ គ្រប់មូលដ្ឋានបាន និងកំពុងអភិវឌ្ឍ។

ដោយឡែក នៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ក្រោមការណែនាំរបស់លោក ស៊ុនសុវណ្ណរិទ្ធិ អភិបាលខេត្ត នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលសង្កាត់ប្អេរ បានចំណាយថវិកាបដិភាគរបស់ឃុំសង្កាត់សរុបជាង៣០០លានរៀល និងទុនចូលរួមរបស់ប្រជាពលរដ្ឋ៤ភូមិ សរុបមានចំនួន១លា នរៀល បានកសាងផ្លូវបេតុងចំនួន៦ខ្សែ មានប្រវែងសរុបចំនួនជាង៩៤៧ម៉ែត្រ នៅក្នុងភូមិ៤ នៃសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

លោកស្រីចៅសង្កាត់បានបន្តថា ផ្លូវបេតុងមានទទឹង៥ម៉ែ ត្រកម្រាស់១តឹកកន្លះ បានកសាង២ខ្សែ គឺ១ខ្សែនៅក្នុងភូមិម៉ុងបារាំង មានប្រវែង៣៤២ម៉ែត្រ និង១ខ្សែទៀតនៅក្នុងភូមិប្អេរ មានប្រវែង១៩១ម៉ែត្រ សរុបទាំង២ខ្សែមានប្រវែង៥៣៣ម៉ែត្រ ចំណាយថវិកាសរុបចំនួន១២៨.១៣ ៧.៦៣៩រៀល កំពុងដំណើរការកសាងបាន៥០ភាគរយហើយ។ ដោយឡែក ផ្លូវបេតុងទទឹង៤ម៉ែត្រ កម្រាស់១តឹកកន្លះ កសាងចំនួន៤ខ្សែទៀត មានប្រវែងសរុប៤១៤ម៉ែត្រ គឺ២ខ្សែនៅក្នុងភូមិឃ្លាំងប្រាក់ និង២ខ្សែទៀតនៅក្នុងភូមិធម្មយុត្តិ ដែលកំពុងដំណើរការត្រាស់សេផ្លូវ ដោយត្រូវចំណាយថវិកាសរុបចំនួន ១៨៨. ២៥០.១២០រៀល។

លោកស្រីចៅសង្កាត់ប្អេរ ក៏បានអំពាវនាវផងដែរ ដល់ប្រ ជាពលរដ្ឋប្រជាការពារ និងលោកមេភូមិទាំង៤ស្នើសុំ ជួយថែរក្សាការពារផ្លូវបេតុងទាំង៦ខ្សែនេះ ទាំងអស់គ្នាដោយកុំឲ្យរថយន្តធុនធ្ងន់បើកបរលើផ្លូវបេតុងនេះដើម្បីឲ្យផ្លូវបេតុ ងនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។ជាមួយ គ្នានេះដែរលោកស្រីចៅសង្កាត់សូមអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ក្នុងសង្កាត់ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដោយសូមចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាថ្នាក់ដឹកនាំល្អឲ្យបានគ្រប់គ្នាៗ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ៕