(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញសេក្តីប្រកាសព័ត៌មានធីបើកសិក្ខាសាលាស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាស្តីពី «សកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់» ពីរបបខ្មែរក្រហម ប៉ុល ពត។

សិក្ខាសាលានេះត្រូវរៀបចំឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ ពិធីបើកសិក្ខាលសាលានេះ គឺមានការចូលរួមជាពិសេសនូវសុន្ទរកថាស្វាគមន៍របស់លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី អ.វ.ត.ក, លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង និងជាសហប្រធានក្រុមមិត្តរបស់ អ.វ.ត.ក និងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុក អ.វ.ត.ក។

បន្ទាប់ពីមានសំណើសុំពីសហចៅក្រមរបាយការណ៍ គឺលោកចៅក្រម យូរ ឧត្តរា និងលោកស្រីចៅក្រម Claudia Fenz ដើម្បីចាប់ផ្តើមដំណើរការប្រឹក្សាជាចំហរក្នុងការបង្កើតឡើងនូវសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះនៅមុនពេល និងនៅពេលចាប់ផ្តើមការងារដែលនៅសេសសល់នោះ អ.វ.ត.ក បានសម្រេចថាជំហានដំបូងបំផុត គឺការរៀបចំសិក្ខាសាលារយៈពេលបីថ្ងៃជាមួយជនរងគ្រោះអ្នកតំណាងរបស់ពួកគាត់នៅក្នុងសង្គមស៊ីវិល និងនៅសាលសវនាការព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។

ដោយសារតែ អ.វ.ត.ក កាន់តែខិតជិតដល់ការបំពេញការងារនៅសេសសល់រយៈពេល៣ឆ្នាំ របស់ខ្លួនដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងដើម្បីផ្សព្វផ្សាយព័ត៌មានអំពីដំណើរការយុត្តិធម៌អន្តរកាលជូនដល់សាធារណជននោះសិក្ខាសាលានេះ បានចាប់ផ្តើមដំណើរការដ៏មានតម្លៃ និងទាន់ពេលវេលាក្នុងគោលបំណងដើម្បីបង្កើតកម្មវិធីថ្មី និងពង្រឹងទៅលើកម្មវិធីដែលមានស្រាប់ ឬមានពីមុនដែលផ្តោតជាចម្បងទៅលើតម្រូវការជនរងគ្រោះ។

សាស្តា្រចារ្យសាកលវិទ្យាល័យ Stanford គឺបណ្ឌិត David J.COHEN ដែលដើរតួនាទីជាអ្នកសម្របសម្រួលសិក្ខាសាលារយៈពេលបីថ្ងៃនេះបានចាប់ផ្តើមថ្លែងដោយសង្ខេបហើយបន្ទាប់មកបានបង្ហាញនូវសារតាមរយៈខ្សែវីដេអូ របស់លោកស្រីបណ្ឌិត Beth VANSCHAACK ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក ទទួលបន្ទុកយុត្តិធម៌ព្រហ្មទណ្ឌសាកល ផ្ញើរជូនអ្នកចូលរួមសិក្ខាសាលាទាំងអស់។

នៅក្នុងការថ្លែងដោយសង្ខេបតាមវីដេអូនោះលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា៖ «ការបង្កើតនូវមុខងារដែលនៅសេសសល់របស់ អ.វ.ត.ក រួមជាមួយការជំរុញលើកទឹកចិត្តដែលបានគូសបញ្ជាក់ នៅក្នុងអនុសាសន៍របាយការណ៍ប្រឹក្សាអស់លោកលោកស្រីនឹងទទួលបានឱកាសដ៏កម្រមួយក្នុងការធានាថាការខិតខំប្រឹងប្រែងនឹងមានជាបន្តទៀត ដើម្បីព្យាបាលស្នាមរបួសអ្នកទាំងឡាយណាដែលបានទទួលរងការឈឺចាប់»

លោកស្រី យឹម សុទ្ធារី ឡើងថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីសិក្ខាសាលា។ លោកស្រី យឹម សុទ្ធារី គឺជាគ្រូពេទ្យចិត្តសាស្ត្រជាអ្នកផ្តល់ប្រឹក្សាលើបញ្ហាជម្លោះ និងសន្តិភាព និងជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិមជ្ឈមណ្ឌលស្នេហា ដែលផ្តល់បទបង្ហាញអំពីបទពិសោធរបស់លោកស្រីក្នុងការបំពេញការងារដោយផ្ទាល់ជាមួយអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងរយៈពេលជាង១៨ឆ្នាំ ចុងក្រោយនេះ។

លោកស្រីបានថ្លែងអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ទៅលើការព្យាបាល និងការបង្កើតឧបករណ៍ថ្មីព្រមទាំងវិធីសាស្ត្រក្នុងការពិភាក្សាអំពីអតីតកាលជាមួយជនរងគ្រោះអ្នកនៅរស់រានមានជីវិត ដែលអាចទទួលរងការឈឺចាប់ពីការប៉ះទង្គិចផ្លូវចិត្តដោយសារតែបទពិសោធពីអតីតកាលរបស់ពួកគាត់។

លោកស្រីបានពន្យល់ថា បន្ទាប់ពីបានស្តាប់រឿងរ៉ាវអវិជ្ជមានជាច្រើនពីអតីតកាលមកលោកស្រីចាប់ផ្តើមសួរនូវសំណួរថ្មីៗ មួយចំនួនទៅកាន់អ្នកនៅរស់រានមានជីវិតដូចជា៖ «តើពួកគាត់អាចនៅរស់បានដោយសារអ្វី? តើពួកគាត់រកកម្លាំងមកពីណាដើម្បីសម្របខ្លួនជាមួយស្ថានភាពនេះ? តើពួកគាត់មានក្តីសុបិន្តអ្វីខ្លះ?»។

អ្នកចូលរួមក៏មានកត្តិយសបានស្តាប់វាគ្មិនសំខាន់ទីពីរ គឺលោក Karim A.A. KHANQC ជាប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។

លោករដ្ឋអាជ្ញា បានថ្លែងអំពីបទពិសោធរបស់គាត់ក្នុងនាមជាមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដែលធ្វើការក្នុងនាមជនរងគ្រោះនៃសំណុំរឿង០០១ នៅ អ.វ.ត.ក។ គាត់បានបង្ហាញយ៉ាងលម្អិតអំពីការភ្ញាក់ផ្អើល និងមេរៀនដែលគាត់ទទួលបានពីការធ្វើការជាមួយជនរងគ្រោះក្នុងនាមជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងកិច្ចដំណើរការនីតិវិធីដោយរំឮកឡើងវិញពីការចងចាំដូចជាដើមបណ្តឹងរដ្ឋប្បវេណី នេត ផល្លី ដែលបានចែករំលែករូបថតបងប្រុសរបស់គាត់ដែលបានស្លាប់ទៅហើយ និងការនិយាយរៀបរាប់ជាមួយព្រលឹងបងប្រុសគាត់ពីកន្លែងអង្គុយជាសាក្សី។

លោករដ្ឋអាជ្ញា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបញ្ចូល និងគិតគូរដល់សម្លេងរបស់ជនរងគ្រោះនៅក្នុងកិច្ចដំណើរការនីតិវិធីជំនុំជម្រះ និងនៅក្នុងមុខងារនៅសេសសល់ក្នុងពេលឆាប់ៗខាងមុខនេះរបស់ អ.វ.ត.ក៕