(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញមកបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនពីវិទ្យុបរទេស ដែលផ្សព្វផ្សាយចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក សាស្ត្រចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រើប្រាស់ហិង្សាដោយទះផ្លៀងលោកវរសេនីយ៍ត្រី អេង ស្រូយ គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

បើយោងតាមសេចក្តីបំភ្លឺ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី អេង ស្រូយ ជាគ្រូនគរបាលអសកម្ម មិនគោរពវិន័យ និងមិនមានភាពរៀងចាលចំពោះទណ្ឌកម្មរដ្ឋបាលរបស់ក្រុមប្រឹក្សាវិន័យ ក្នុងពេលកន្លងមក ដើម្បីឱ្យគាត់កែខ្លួនជាគ្រូនគរបាលជាតិល្អ និងមានសមត្ថភាព សមស្រប គោរពវិស័យការងារ និងអាចបង្ហាត់បង្រៀនបាន ពីព្រោះតាំងពីលោកវរសេនីយ៍ត្រី អេង ស្រូយ ផ្ទេរភារកិច្ចមកជាគ្រូនគរបាលជាតិ នៅឆ្នាំ២០១២ រហូតមកបច្ចុប្បន្ន សាមីខ្លួនមិនទាន់ឡើងបង្រៀនម្តងនៅឡើយទេ ដោយសារមិនទាន់មានឯកសារបង្រៀនគ្រប់គ្រាន់ និងមិនទាន់ឆ្លងកាត់ការវាយតម្លៃសមត្ថភាពបង្រៀនសាកល្បងនៅឡើយ។

ម្យ៉ាងទៀត នៅពេលប្រធានអង្គភាពសួរបញ្ជាក់អំពីវឌ្ឍនភាពនៃការរៀបចំចងក្រងមេរៀនសម្រាប់បង្រៀនលោកវរសេនីយ៍ត្រី អេង ស្រូយ តែងតែឆ្លើយដោះសារ និងពន្យាពេលជានិច្ច។

បណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់ករណីលោកវរសេនីយ៍ត្រី អេង ស្រូយ គឺមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចការផ្សព្វផ្សាយរបស់វិទ្យបរទេសនោះទេ៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់បណ្ឌិត្យសភានគរបាលកម្ពុជា៖