(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព នៅពេលចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ច្រើនដូសជាបន្ដបន្ទាប់ ព្រោះវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់នេះ គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកោះកុង ដែលអមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺមានពេលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញចាក់នោះទេ ដូច្នេះការចាក់ដូសជំរុញនេះមិនមានប៉ះពាល់ណាមួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ដូចការលើកឡើងមួយចំនួននោះឡើយ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មិនមែនចាក់ទៅធ្វើឲ្យប៉ះពាល់សុខភាពនោះទេ គឺចាក់ទៅដើម្បីការពារបងប្អូនពីការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ១៩ ហើយវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ព្រោះដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺជាវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គភាពសុខភាពពិភពលោក»

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានអះអាងថា វ៉ាក់សាំងកូវីដ១៩ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពោលនៅពេលចាក់ទៅនឹងជួយពង្រឹងប្រព័ន្ធភាពស៉ាំរបស់បុគ្គលម្នាក់ៗ ឲ្យកាន់តែខ្លាំង ទប់ស្កាត់ការធ្វើឲ្យវិវឌ្ឍន៍ធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះ។ លោកស្រីថា ស្របពេលដែលជំងឺកូវីដ១៩ ចេះតែបំប្លែងខ្លួននោះ វ៉ាក់សាំងគឺកាន់តែមានភាពចាំបាច់ថែមទៀត សម្រាប់បុគ្គលម្នាក់ៗ។

ជាថ្មីម្ដងទៀត លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែទៅចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា នៅពេលដល់វេលាកំណត់ចាប់ពី៤ខែឡើង។ ខណៈដែលទីតាំងចាក់វ៉ាក់សាំង ត្រូវបានពង្រាយកាន់តែច្រើនជាបន្ដបន្ទាប់ ស្ទើរគ្រប់ពាសពេញផ្ទៃប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវទិសដៅអាទិភាព៣បន្ថែមទៀត គឺនៅតាមរោងចក្រ ទីប្រជុំជនផ្សារ និងសាលារៀន។

លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ទៀតថា ដើម្បីចេញពីប្រអប់កូវីដ១៩បានយូរនោះ គឺយុទ្ធសាស្ដ្រមួយក្នុងចំណោមយុទ្ធសាស្ដ្រជាច្រើន ហើយសំខាន់បំផុតនោះ គឺការស្រោចស្រពវ៉ាក់សាំង។

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន៖