(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកមេឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋានឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខ វឌ្ឍនភាពនៃការអភិវឌ្ឍ ផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត ក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ យកចិត្តទុកដាក់បម្រើសេវាបំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឱ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។

ប្រធានក្រុមការងាររូបនេះ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សមិទ្ធផល និងលទ្ធផលជាច្រើនដែលសម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងមូល។

លោកបានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានឱ្យបន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២៕