(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារកូនអ្នកក្រីក្រថា មានខួរក្បាល និងសមត្ថភាពមិនចាញ់កូនអ្នកមាន ហើយសម្តេចអះអាងថា នឹងផ្តល់ឱកាសដល់ពួកគេស្មើគ្នាជាមួយកូនអ្នកមាន ឬកូនធំដែរ។

ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ IIC នៅវិទ្យាស្ថានអប់រំ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កូនដែលកើតនៅក្នុងត្រកូលអ្នកគ្រាន់បើ គេហៅ “លោកប្រុស” ដល់កូនកើតនៅក្នុងគ្រួសារក្រីក្រ គេហៅ “អាក្តិប” ក៏ប៉ុន្តែមិនប្រាកដថា អាកូនកើតនៅក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិ មានអំណាចនេះវាពូកែនោះទេ កូនក្រីក្រច្រើនណាស់ ដែលមានសមត្ថភាព ប៉ុន្តែត្រូវផ្តល់ឱកាសឱ្យគេសម្រាប់ពួកគេងើបឡើង ក្នុងការជំនះនូវការលំបាក ដើម្បីទទួលបាននូវការអប់រំ ហើយខួរក្បាលរបស់គេ មិនអន់ជាងខួរក្បាលកូនអ្នកមានទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សន្តិភាពគឺជារឿងចាំបាច់បំផុត សម្រាប់ការផ្តល់ឱកាសដល់ កូនអ្នកមាន និងកូនអ្នកក្រ ហើយសម្តេចនឹង មិនអនុញ្ញាតឱ្យក្រុមណាមួយបង្កអសន្តិសុខ​ ដល់ប្រទេសជាតិនោះទេស។ សម្តេចថា «ការផ្តល់ឱកាសឱ្យគេ (កូនអ្នកក្រ) គឺធ្វើយ៉ាងម៉េចរក្សា សន្តិភាពឱ្យបាន បើរក្សាសន្តិភាពមិនបានទេ មិនមែនឱកាសទេ រឿងនេះគឺរឿងធំណាស់ ដែលរដ្ឋាភិបាលទោះបីប្រើដល់តម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន មិនអាចឱ្យមនុស្សមួយក្រុមតូចណាមួយ បំផ្លាញស្ថិរភាពរបស់ប្រទេស ហើយនាំទៅដល់ស្ថានភាពច្របូកច្របល់ បាត់បង់ឱកាស សម្រាប់ប្រជាជនរាប់លាននាក់នោះទេ»

ទោះជាយ៉ាងនេះក្តី សម្តេចបានកោតសរសើរអំពីភាពពូកែ របស់ លោក ហ៊ុន ម៉ាណែត ដែលជាកូនរបស់សម្តេច ដែលបានកើតឡើងនៅក្នុង ជីវភាពមួយក្រខ្សត់ កាលពីជំនាន់ខ្មែរក្រហម។ សម្តេចថា វិទ្យាសាស្រ្តមួយចំនួនអះអាងថា ក្មេងដែលខ្វះជីវជាតិ មិនសូវមានបញ្ញា ប៉ុន្តែសម្តេចថា លោក ហ៊ុន ម៉ាណែត ដែលកើតឡើងនៅអំឡុងពេលក្រខ្សត់ បែរជាមានរាងកាយមាំមួន និងរៀនពូកែថែមទៀត៕