(ភ្នំពេញ)៖ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាន់តែខិតចូលមកដល់ បេក្ខជនពេញសិទ្ធ បេក្ខជនបម្រុង ព្រមទាំងសកម្មជនគណបក្សភ្លើងទៀន បាននាំគ្នាផ្តាច់ខ្លួន និងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់។ ជាពិសេស គឺបេក្ខជនឈរឈ្មោះលេខរៀងទី១, ទី២ និងទី៣ និងបេក្ខជនបម្រុងជាច្រើន បានសុខចិត្តបោះបង់ ចោលបក្សភ្លើងទៀន ដើម្បីមករួមរស់ជាមួយគណបក្សកាន់អំណាចវិញ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ប្រៀបបាននឹងព្យុះកំពុងបោកបក់ទៅលើបក្សភ្លើងទៀន ពីព្រោះចលនាផ្តាច់ខ្លួនបានកើតឡើងនៅស្ទើរពេញផ្ទៃប្រទេស។ បេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបម្រុងនៃកម្អែលបក្សសមរង្ស៉ី បាននាំគ្នាចាកចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ មករួមរស់ជាមួយគណបក្សកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែន។

ជាក់ស្តែងគ្រាន់តែនៅរាជធានីភ្នំពេញ មានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ៧៨រូបបានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះមាន ៥២រូប ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបម្រុង ចំណែក ២៦រូបទៀតជាសកម្មជនតាមសង្កាត់នានា។

នៅខេត្តកំពតឯណោះវិញ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សភ្លើងទៀតន រហូតដល់ ២៤៦រូប ក៏បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

នៅឯខេត្តកំពុងឆ្នាំង ក៏មានសកម្មជនបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិចំនួន ១៣៦នាក់ ក៏បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែរ។ ក្រៅតែពីរាជធានីភ្នំពេញ ខេត្តកំពត និងកំពង់ឆ្នាំង នៅតាមបណ្តាខេត្តផ្សេងៗទៀត សកម្មភាពចាកចេញពីអតីតបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន ក៏កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង។ ជាច្រើនខែមកហើយដែលចលនាបោះបង់ចោលគណបក្សភ្លើងទៀនបានផ្ទុះឡើង តែពេលនេះចលនាចាកចេញនេះ កំពុងផ្ទុះឡើងខ្លាំងប្រៀបដូចជាទឹកហូរបាក់ទំនប់តែម្តង។

ហេតុអ្វីបានជាសកម្មជន និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀន ប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា? ហេតុផលនាំឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀន ប្រាស់ខ្លួនចាកចេញមានហេតុផលធំៗមួយចំនួនដូចខាងក្រោម៖

ទី១៖ មកពីពួកគេដឹងច្បាស់ថា គណបក្សភ្លើងទៀន គឺជាទាយាទ ជាកម្អែលរបស់អ្នកនយោបាយត្រកូលក្បត់ជាតិ ៣ជំនាន់ ដែលកាលពីមុនធ្លាប់តែត្មះតិះដៀលអ្នកដទៃ ហ៊ានបង្កើតគណបក្សនយោបាយថ្មីថា ជាបក្សអាប បក្សអាយ៉ង បក្សអំពិលអំពែក តែចុងក្រោយបែរជាខ្លួនឯងទៅបញ្ជាឱ្យគូកនចូលមកបក្សភ្លើងទៀន ដែលជាគណបក្សដើមមុនបញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សដោយក្បត់ឆន្ទៈរបស់សកម្មជនទៅវិញ។ ដូច្នេះ សកម្មជននិងបេក្ខជនទាំងនោះក៏អស់ជំនឿលើគណបក្សនេះតែម្តង។

ទី២៖ សកម្មជន និងបេក្ខជនបក្សភ្លើងទៀន ឬអតីតសកម្មជនបក្សសង្គ្រោះជាតិសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ការចូលរួមជីវិតនយោបាយជាមួយជនក្បត់ជាតិ ក្រឡិចក្រឡុច និងពូកែខាងរត់ចោលស្រុកបែបនេះ ពួកគេនឹងគ្មានវាសនាល្អឡើយ។ ជីវិតនយោបាយរបស់ពួកគេនឹងត្រូវចាញ់បោកគេ ហើយត្រូវគេបោកប្រើរហូតគ្មានទីបញ្ចប់។ ជាលទ្ធផល លុយបានទៅគេដែលជាអ្នកប្រមូល ចំណែកសកម្មជនវិញលក់ផ្ទះសម្បែង ដីធ្លីស្រែចម្ការ មាន់ ទា គោអំពែ ដើម្បីបម្រើនយោបាយបោកប្រាស់។ ជួនកាលត្រូវគេប្រើឲ្យធ្វើសកម្មភាពខុសច្បាប់ហើយត្រូវប្រឈមមុខផ្លូវច្បាប់ថែមទៀត។

ទី៣៖ សកម្មជន និងបេក្ខជនទាំងនោះយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាគណបក្សរបស់
ប្រជាជនខ្មែរទូទាំងប្រទេស ហើយដែលពួកគេអាចផ្ញើវាសនាបាន។ ឆ្លងកាត់ការពិចារណាអស់ជាច្រើនឆ្នាំ ជាពិសេស បន្ទាប់ពីបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពជាក់ស្តែងរបស់អ្នកនយោបាយបក្សកាន់អំណាច ពួកគេមានទំនុកចិត្តយ៉ាងច្បាស់លាស់ថា មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបប្រទេសជាតិស្គាល់សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍គ្រប់វិស័យ។ នេះគឺជាការភ្ញាក់រលឹកដ៏ត្រឹមត្រូវបំផុតនិងទាន់ពេលវេលា។

តាមប្រភពព័ត៌មានពីបណ្តាខេត្តនានា ចលនាចាកចេញពីបក្សភ្លើងទៀន ហើយប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាកំពុងតែបន្តកើតឡើងយ៉ាងផុលផុសលើសពេលណាៗទាំងអស់។

ចលនានេះក៏កំពុងបង្កើតបានជាខ្យល់ព្យុះបោកបក់ទៅលើភ្លើងទៀន ដោយកម្លាំងខ្យល់ចេញពីផ្ទៃក្នុងរបស់ខ្លួនតែម្តងដោយគ្មានអ្នកណាផ្សេងទៅពន្លត់ភ្លើងទៀនឡើយ។ សកម្មជន សកម្មនារី របស់អតីតបក្សប្រឆាំង ហើយដែលឥឡូវត្រូវបានគេបោកឱ្យចូលបក្សភ្លើងទៀនវិញ ក៏កំពុងរួមគ្នាជាកម្លាំងដើម្បីបញ្ចប់ជីវិតអ្នកនយោបាយក្បត់ជាតិតត្រកូលដែរ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ