(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ រស់នៅភូមិទាំងប្រាំ ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ការចុះជួបប្រជាជននៅតាមខ្នងផ្ទះនាថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត សឹង សំណាង បាននាំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ជាច្រើនរូបទៅបង្ហាញដល់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងជំនួបសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនេះ លោកបណ្ឌិត សឹង សំណាង បានលើកបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំជាតិគ្រាពិភពលោកជួបវិ បត្តិជំងឺកូវីដ១៩។ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។

«នេះជាជោគជ័យមួយធំធេងណាស់សម្រាប់កម្ពុជាយើង។ យើងបានយកឈ្នះលើជំងឺកូវីដ១៩ ហើយយើងបានបើកប្រទេសយើងឡើងវិញ អនុញ្ញាតឱ្យពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិតបានងាយស្រួល ហើយធ្វើឱ្យសេដ្ឋកិច្ចប្រទេសយើងបានល្អប្រសើរឡើងវិញ។ យើងមិនអាចជោគជ័យទេ បើមិនមានការគិតគូរ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ»។ នៅជាការគូសបញ្ជាក់របស់លោកបណ្ឌិត សឹង សំណាង ទៅកាន់ប្រជាពលរដ្ឋ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ និងបន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធានការនានាដាក់ចេញដោយក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកបណ្ឌិត បាននាំអំណោយមួយចំនួន ជូនគ្រួសារប្រជាពលរដ្ឋចំនួន ១.៥៤៨នាក់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ៕