(ត្បូងឃ្មុំ)៖ លោក គន់ រ័ត្នមុនី អនុប្រធានយុវជនគណបក្សខេត្តត្បូងឃ្មុំ បានជំរុញយុវជនគណបក្សប្រជាជនកម្ពុជាក្នុងខេត្តត្បូងឃ្មុំ ឱ្យចុះធ្វើសកម្មភាពជួយស្វែងរកការគាំទ្រដល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សា-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

នៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោក គន់ រ័ត្នមុនី បានបន្តសកម្មភាពចុះសំណេះសំណាលពង្រឹងគោលជំហរយុវជនបក្សនៅក្នុងឃុំចំនួនពីរ គឺឃុំជីរោទិ៍ទី១ និងឃុំទន្លេបិទ។ សកម្មភាពសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលដៅជំរុញយុវជនតាមមូលដ្ឋានឱ្យក្លាយជាកម្លាំងចលករសម្រាប់ការងារបក្ស និងការបម្រើកិច្ចការសង្គមផងដែរ។

ក្នុងកិច្ចសំណេះសំណាលនេះ លោក គន់ រ័ត្នមុនី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈពង្រឹងការងារខេត្តត្បូងឃ្មុំ ក៏ដូចជាលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ និង លោក ហាក់ សុខមករា ប្រធានយុវជនបក្សខេត្ត។

ក្នុងកិច្ចសំណេះសំណាលនោះ លោក គន់ រ័ត្នមុនី បានគូសរំលេចនូវកិច្ចការមួយចំនួនពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ លោក បានថ្លែងទៅកាន់យុវជនបក្សក្នុងឃុំទាំងពីរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាដំណើរការលទ្ធិប្រជាធិបតេយ្យមួយនៅថ្នាក់មូលដ្ឋាន ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០០២ ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក គន់ រ័ត្នមុនី បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំនៅមូលដ្ឋាន ហើយក៏ជាចំណុចដ៏សំខាន់សម្រាប់បក្សនយោបាយនីមួយៗផងដែរ។

ក្នុងន័យនេះលោក គន់ រ័ត្នមុនី បានជំរុញឱ្យយុវជនបក្សប្រជាជនកម្ពុជាក្នុងខេត្តត្បូងឃ្មុំ ចុះធ្វើសកម្មភាព ដើម្បីស្វែងរកការគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជននៅតាមឃុំ-សង្កាត់របស់ខ្លួន។ លោក គន់ រ័ត្នមុនី បានប្រាប់ដល់យុវជនបក្ស ឱ្យចុះធ្វើសកម្មភាពរំលេចនូវសមិទ្ធផល ដែលត្រូវបានកសាងនៅតាមឃុំ-សង្កាត់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវសេវារបស់បេក្ខភាពក្រុមប្រឹក្សា-សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រឹងប្រែងដោះស្រាយនូវបញ្ហាផ្សេងៗតាមរយៈក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនបក្សនេះ លោក គន់ រ័ត្នមុនី បាននាំអំណោយជាសំភារៈថវិកាមួយចំនួនជូនដល់យុវជនបក្សនៅតាមឃុំផងដែរ។ ក្នុងនោះ ១ឃុំទទួលបាន៖
- អង្ករ ៥០បេ (១បេ ១០គីឡូក្រាម)
- ទឹកត្រី ១០យួរ
- ទឹកសុីអុីវ ២០យួរ
- យុវជនចូលរួម ៥៦នាក់ ក្នុង ១នាក់ ទទួលបានថវិកា ១០,០០០រៀល
- អាវយុវជន ១១៣អាវ
- ក្រុមប្រឹក្សាឃុំ ១៣នាក់។ ក្នុង ១នាក់ ទទួលបានថវិកា ២០,០០០រៀល
- ឧបត្ថម្ភដល់គ្រួសារក្រីក្រ ១២គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ១បេ (១០គីឡូក្រាម) ទឹកស៊ីអ៉ីវ ៣ដប ទឹកត្រី ៣ដប និងថវិកា ៣០,០០០រៀល
- ប្រជាការពារ ៤នាក់។ ក្នុង ១នាក់ ទទួលបានថវិកា ២០,០០០រៀល៕