(ភ្នំពេញ)៖ ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២នេះ (ទៅតាមពេលវេលានៃតំបន់ប្រទេសនីមួយៗ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ហើយស្អែកត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ គេរៀបចំពិធីបុណ្យដែលហៅថា រ៉យ៉ាហ្វីត្រះ។

សូមស្វែងយល់ខ្លឹមសារលម្អិតដូចខាងក្រោម៖

នៅពេលខ្នើត ខែរ៉ម៉ាឌន (ខែទី០៩ នៃប្រតិទិនឥស្លាម) រះឡើងវាគឺជាការចាប់ផ្តើមការកាន់អំណត់ ហើយពេលខ្នើតខែសាវ៉ាល់ (ខែទី១០ នៃប្រតិទិនឥស្លាម) រះឡើងគឺជាសញ្ញាណ នៃការបញ្ចប់កាតព្វកិច្ចបួស។ ថ្ងៃទី០១ ខែសាវ៉ាល់ ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ឬត្រូវនឹងថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២នេះហើយ ជាថ្ងៃចេញបួសរបស់ជនមូស្លីម ដែលគេស្គាល់ថាជាថ្ងៃអ៊ីឌូលហ្វីទ្រី បន្ទាប់ពីបានបញ្ចប់នូវការកាន់អំណត់ អស់ រយៈពេលមួយខែរ៉ម៉ាឌន កន្លងមកនោះ។ ដោយសារប្រតិទិន ឥស្លាមជាប្រតិទិន ចន្ទគតិ ការប្រារព្ធពិធីទាំងនេះគឺសំអាងលើការអង្កេតមើលការលេចឡើងនៃខ្នើតខែ។ តែបច្ចុប្បន្នដោយសារ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបផងនោះមិនថាទាំងការចូលកាន់អំណត់បួស ឬបញ្ចប់ការកាន់អំណត់នោះទេ គឺគេសុទ្ធតែអាចមើលដឹងនិងកំណត់កាលបរិច្ឆេទច្បាស់លាស់ ថាតើនៅថ្ងៃណាព្រះចន្ទថ្មីដែលនឹងរះឡើង។ តែទោះជាយ៉ាងនេះក្តី ក៏មានមូស្លីមមួយចំនួននៅបន្តការអនុវត្ត ការសង្កេតខ្នើតព្រះចន្ទដោយភ្នែកទទេ ឬតាមរយ:ឧបករណ៍ទំនើប ដើម្បីបញ្ជាក់ពីថ្ងៃផ្លូវការនៃការធ្វើពិធីឆ្លងអ៊ីឌូលហ្វីទ្រីនេះផងដែរ។

* ការប្រារព្ធពីធីបុណ្យរ៉យ៉ាហ្វីត្រះ

ការប្រារព្ធថ្ងៃរ៉យ៉ាហ្វីត្រះ គឺជាលំអានតាំងពីជំនាន់មូហាំម៉ាត់
មកម្លេះ។ ការអនុវត្តនេះគឺជាសារនៃភាតរភាព និងសេចក្តីរីករាយ។ បន្ទាប់ពីការថ្វាយបង្គំនៅវិហារ មនុស្សម្នាចូលរួមពិធីបុណ្យទាំងចាស់ក្មេង ប្រុសស្រី ស្លៀកសំលៀកបំពាក់ចម្រុះពណ៌ស្រស់ស្អាតតាមគន្លងសាសនាឥស្លាមប្រកបដោយភាពថ្លៃថ្នូរបំផុត ជាមួយនឹងការប្រើគ្រឿងក្រអូប។ នាឱកាសជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយ ហើយពីផ្ទះមួយទៅផ្ទះមួយ ពួកគេដើរការសុំខមាលទោសដោយ ភាតរភាពរវាងគ្នាចំពោះកំហុសនានា រាប់ទាំងកំហុសចេតនាក្ដី អចេតនាក្ដីក្នុងអត្ថន័យរួបរួមសាមគ្គីផ្លូវចិត្តតែមួយ ពោលគឺស្រលាញ់គ្នាក្នុងផ្លូវសាសនាឥស្លាមដោយលះបង់នូវគំនិតអវិជ្ជមានចោលទាំងអស់ ដោយងាកមករកសន្តិភាពវិញ។ មួយវិញទៀត ជាប្រពៃណីរបស់ខ្លួននៅថ្ងៃអ៊ីឌូលហ្វីទ្រី បងប្អូនចាម ឬខ្មែរឥស្លាម និងជនមូស្លីមទាំងអស់មិនថាជនជាតិអ្វិទេ តែងតែរៀបនំចំណី ឬម្ហូបអាហារដើម្បីទទួលភ្ញៀវមានដូចជា សម្លការី នំអន្សម នំផ្អែមផ្សេងៗ ដែលធ្វើអោយ អ៊ីឌូលហ្វីទ្រី ក្លាយជាអនុស្សារីយ៍នៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ នៃប្រតិទិនរបស់ខ្លួន។

* សារសំខាន់នៃថ្ងៃរ៉យ៉ាហ្វីត្រះ

សារដ៏សំខាន់នៅឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះ ជនមូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេសអំពីកាតព្វកិច្ចរបស់ពួកគេទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី អោយគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធី ដូចគ្នាដោយរីករាយ និងប្រាកដថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យរ៉យ៉ាហ្វីត្រះនេះឡើយ ព្រមទាំងដើម្បីបំពេញបន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួន។

* ទម្រង់នៃការបរិច្ចាគ ឬហ្សាកាត់

ទម្រងើនេះគឺសំដៅលើការអនុវត្តការបរិច្ចាគទាន។ ជាទានដែលបរិច្ចាគទៅតាមការកំណត់ ទាំងបរិមាណ និងពេលវេលាដែលគេហៅថាហ្សាកាត់។ វាត្រូវបានធ្វើឡើង ដោយមេគ្រួសារដែលជាតំណាងសមាជិកម្នាក់ៗ ក្នុងគ្រួសារនៅមុនថ្ងៃប្រារព្ធពិធីអ៊ីឌូលហ្វីទ្រី។ ការបរិច្ចាគនេះទៀតសោត គេត្រូវតែធ្វើឡើងជាចំណីអាហារ ដែលអាចចម្អែត បានដូចជា៖ (ស្រូវ ឬអង្ករ ពោត ផ្លែល្មើ ជាដើម) ហើយទស្សន:អ្នកប្រាជ្ញខ្លះថាអាចបរិច្ចាគជាថវិការបានអាស្រ័យទៅតាមស្ថានភាពនៃតំបន់នីមួយៗទៅតាមស្ថានការណ៍នៃជនក្រីក្រនៅតំបន់នោះ ឬតាមតម្រូវការជាក់ស្ដែងរបស់ពួកគេ។ ហ្សាកាត់ឌុលហ្វីទ្រី ឬហ្សាកាត់គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប ដែលបានបន្តរស់មានជីវិតដល់ថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌន និងថ្ងៃដំបូងនៃខែសាវ៉ាល់ដែលជាខែបន្ទាប់។ ផ្ទុយទៅវិញ វាមិនជាប់កាតព្វកិច្ចនោះឡើយសម្រាប់បណ្តាជនមូស្លីមដែលបានលាចាកលោក នៅមុនថ្ងៃលិច (មរណកាលក្នុងខែរ៉ម៉ាទន) ឬទារក ឬក៏ទារីកាដែលចាប់កំណើតក្រោយការបញ្ចប់ខែរ៉ម៉ាឌន។

គួរបញ្ជាក់ថា ចាប់ពីយប់ថ្ងៃអាទិត្យទី១ ខែឧសភានេះតទៅ ជនមូស្លីមទាំងអស់អាចបរិភោគបានធម្មតាឡើងវិញហើយ។ ស្អែកនេះគេនឹងរៀបចំពិធីបុណ្យរ៉យ៉ាអ៊ីឌុលហ្វីទ្រីទូរទាំងប្រទេស ហើយបណ្ដាប្រទេសនៅតំបន់អាស៊ីយើងក៏ប្រារព្ធពិធីបុណ្យនេះដូចគ្នាដែរដូចជា ប្រទេសម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ថៃ ឡាវ ភូមាជាដើម៕