(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាឃុំខ្វាវ ស្រុកជីក្រែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីទទួលសមាជិកថ្មី ចំនួន៣៦៤ នាក់ ក្នុងនោះក៏មានសមាជិកនារី១៩៣ នាក់ផងដែរ។

ពិធីបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំខ្វាវ លោក នរិន្រ្ទ រិទ្ធ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្វាវ ស្រុកជីក្រែង និងមានការចូលរួមថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិកនានាផងដែរ។

លោក នរិន្រ្ទ រិទ្ធ មានប្រសាសន៍ថា សមាជិកថ្មីទាំង៣៦៤នាក់ ដែលបានបញ្ចូលជាសមាជិកបក្សនាឱកាសនេះ គឺមានតួនាទីយ៉ាងសំខាន់ដោយខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយនិង លក្ខន្តិកៈ របស់គណបក្ស។

លោកបានជំរុញឲ្យសមាជិកទាំងអស់ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារៈកិច្ចជូនជាតិមាតុភូមិ ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មីជាពិសេសក្នុងស្រទាប់យុវជន និងពង្រឹងប្រធាន អនុប្រធាន ក្រុមបក្សនីមួយៗឲ្យគ្រប់គ្រងណែនាំ សតិអារម្មណ៍ដល់សមាជិករបស់ខ្លួន ឲ្យយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងត្រៀមឯក
សារសម្រាប់បោះឆ្នោតថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ៧,០០នាទីព្រឹក ដល់ម៉ោង ៣,០០ នាទីរសៀល។

លោកបានលើកឡើងថា សមាជិកម្នាក់ៗដែលមានគ្រួសារ កូន ចៅ បងប្អូន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត (គ.ជ.ប) ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។

លោក នរិន្រ្ទ រិទ្ធ បានបញ្ជាក់ថា ៖ ពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ទៅលើសុខមាលប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ, បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬ ដូសទី៣ ជិតគ្រប់តាមផែនការកំណត់ និងកំពុងចាក់ដូសទី៤ បន្តទៀត ដើម្បីកាត់បន្ថយការឆ្លង និងការឈឺធ្ងន់ និងធានាបានភាពស៉ាំក្នុងសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី៕