(ក្រចេះ)៖ លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយនៃកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បាននាំយកអំណោយមកចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះចំនួន៣០០គ្រួសារនៅឃុំកំពង់ដំរី និងឃុំដំរីផុង និងចុះពិនិត្យអ្នកជំងឺតាមខ្នងផ្ទះ ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ។

លោក អ៊ុយ សំអាត បានបញ្ជាក់ទៀតថា ការចុះចែកអំណោយដល់ប្រជាលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅឃុំទាំងពីរនេះមិនមែនតែលើកនេះទេ ក្រុមការងារនិងចុះបន្តចែកជូនបងប្អូនចាស់ជរានៅតាមខ្នងផ្ទះបន្ថែមទៀត។

លោកបានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទៅដល់ខ្នងផ្ទះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ជែលលាងដៃ២ដប និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត)។ ដោយឡែក ចាស់ជរាគ្មានទីពឹង និងជនមានពិការភាពទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕