(កណ្តាល)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១,០៤៥នាក់ បានបន្តចុះពិនិត្យនិងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៩,៧៥៦នាក់ ដោយឥតគិតថ្លៃ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកអំណោយជាថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានការផ្សព្វផ្សាយវិធីសាស្ត្រការពារជំងឺកូវីដ១៩ជូនដល់ពលរដ្ឋ ដោយមានការសហការជាមួយលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស តំណាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តណ្តាល លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកណ្តាល និងអាជ្ញាធរដែលពាក់ព័ន្ធ លោក ញឹម វ៉ាន់ឌិន អភិបាលស្រុកស្អាង ពិសេសមន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកណ្តាល សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ការពិគ្រោះជំងឺ រួមមាន ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស។ល។

លោក លេង ផាលី បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំ (២ ធ្នូ ឆ្នាំ២០១២ ដល់ ១ ឧសភា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន៣,៦៩៦នាក់ បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមានក្នុងខេត្តកណ្តាលចំនួន១១លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន៧៩,៧២៧នាក់ ក្នុងនោះស្រ្តីមានចំនួន៤៥,៤៩៨នាក់»។

លោកបន្ថែមទៀតថា ក្នុង២៥រាជធានី-ខេត្តបានចំនួន៥៨០លើក មានប្រជាពលរដ្ឋចូលរួមចំនួន៨,០០៦,៣៣៨នាក់ ក្នុងនោះស្ត្រីមានចំនួន៤,២៩៣,៧១១នាក់ ជាង១ភាគ២នៃប្រជាជនសរុបទូទាំងប្រទេសចំនួន១៥,៥៥២,២២១នាក់ ដោយសហការជាមួយអាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២,៥៦៣នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង១៩រាជធានី-ខេត្ត រួមមាន ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដោយចាក់វ៉ាក់សាំងបានចំនួន៧,៣៩២,៤០៥ដូស។

លើសពីនេះទៅទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តព្រៃវែងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ចំនួន១៣០៥នាក់ កំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយឥតគិតថវិកាបេសកកម្មឡើយ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នៅថ្ងៃនេះបានបង្ហាញឲ្យឃើញថា ជំងឺកុមារចំនួន២៧៦នាក់ ជំងឺស្ត្រីចំនួន៣១១នាក់ ជំងឺផ្លូវចិត្តចំនួន២០៧នាក់ ជំងឺឫសដូងបាតចំនួន១៩២នាក់ ជំងឺសន្លាក់ឆ្អឹងចំនួន៣១៨នាក់ ជំងឺផ្លូវដង្ហើមចំនួន១២១នាក់ ជំងឺទឹកនោមផ្អែមចំនួន៩១៤នាក់ អេកូសាស្ត្រចំនួន៤២៣នាក់ វាស់និងពិគ្រោះជំងឺបេះដូងចំនួន២៨១នាក់ ជំងឺត្រចៀកនិងបំពង់ក៩២នាក់ ជំងឺវះកាត់តូចចំនួន៨១នាក់ វិភាគឈាម៧១៥នាក់ ជំងឺទូទៅចំនួន៥,០៨២នាក់ និងផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ចំនួន៤៩នាក់ សង្គ្រោះបឋមចំនួន២១៣នាក់ ជំងឺភ្នែក៣២៤ និងសុខភាពមាត់ធ្មេញ៩៧នាក់។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ ក៏គោរពថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បុគ្គលិកសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការចុះអប់រំផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ អប់រំសុខភាព សង្គ្រោះបឋម អំណោយជាឱសថ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយឥតគិតថ្លៃ ពិសេសដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ដែលគិតមកទល់ពេលនេះគឺមានចំនួន១១លើករួចមកហើយ និងមានប្រជាពលរដ្ឋទទួលបានផលចំនួន៧៦,៩២៨នាក់។

លោកអភិបាលខេត្តបានបន្តថា នេះជាការចូលរួមចំណែកក្នុងការបំពេញបេសកកម្មការងារប្រកបដោយឆន្ទៈដ៏ស្រួចស្រាល់ និងបង្ហាញពីស្មារតីផូរផង់សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសជាតិនៅក្នុងបុព្វហេតុនានា ពិសេសក្នុងវិស័យសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់រាជរដ្ឋាភិបាលកម្ពុជា៕