(ព្រៃវែង)៖ លោក ប៉ុល រតនា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងអំពិល រួមជាមួយលោក សយ សុត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៊ិន ជីវ័ន្ត អភិបាលស្រុក ព្រមទាំងក្រុមការងារនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលជាមួយនឹងនិវត្តជន លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អាចារ្យ មេភូមិ មេឃុំ នៅក្នុងឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីស្វែងយល់អំពីសុខទុក្ខ និងបញ្ហាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចុងពិលនេះ។

ថ្លែងនៅក្នុងឱកាសនោះ លោក ប៉ុល រតនា បាននាំមកនូវសេចក្តីនឹករឭកសួរសុខទុក្ខរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ដល់និវត្តជន លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អាចារ្យ មេភូមិ មេឃុំ ប្រជាពលរដ្ឋនៅក្នុងឃុំចុងអំពិលនេះ។

លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកក៏បានស្នើដល់លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការបង្រៀនសិស្សឲ្យអស់ពីលទ្ធភាព ហើយបើសិនជាសាលាមានបញ្ហាតម្រូវការអ្វីមួយសូមរាយការណ៍មកជូនលោក និងក្រុមការងារ នឹងធ្វើការឆ្លើយតបជាបន្តបន្ទាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយសូមលោកមេភូមិ មេឃុំទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានរហ័សទាន់ពេលវេលាជូនគាត់ និងជាពិសេសត្រូវអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

លោកប្រធានក្រុមការងារក៏បានសំណូមពរដល់លោកគ្រូពេទ្យដែលប្រចាំនៅមណ្ឌលសុខភាពឃុំចុងអំពិលនេះ ត្រូវខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងឃុំនេះ ក៏ដូចជាឃុំដទៃដែលគាត់មកទទួលសេវាព្យាបាលនៅក្នុងឃុំនេះឲ្យបានល្អប្រសើរ ហើយចំពោះសម្ភារបរិក្ខារនៅក្នុងពេទ្យ បើសិនជាខ្វះខាតចាំបាច់សូមឲ្យមណ្ឌលសុខភាពធ្វើការរាយការណ៍មកដល់លោក នឹងធ្វើការឆ្លើយតបតាមលទ្ធភាពដល់មណ្ឌលសុខភាពនេះឱ្យបានទាន់ពេលវេលា ដើម្បីបំពេញតម្រូវការចាំបាច់របស់មណ្ឌលសម្រាប់ប្រជាពលរដ្ឋផងដែរ។

លោកក៏បានលើកឡើងបន្ថែមថា បញ្ហានិងសំណូមពរខ្វះខាតទាំងអស់នេះគឺជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រធានក្រុមការងារចុះមូលដ្ឋានដើម្បីបម្រើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ ពូជសាសន៍ ពណ៌សម្បុរ នយោបាយអ្វីឡើយ។

នៅក្នុងឱកាសនោះ ក៏បានផ្ដល់ជូននូវម៉ាស៊ីនត្រជាក់ និងសម្ភារបរិក្ខាពេទ្យមួយឈុត ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ជូនដល់មណ្ឌលសុខភាព ឃុំចុងពិល និងបានផ្ដល់ជូននូវអំពូលសូឡាដល់អនុវិទ្យាល័យមួយ និងសាលាបឋមសិក្សាចំនួនពីរ ដោយក្នុងមួយសាលាទទួលបានអំពូលសូឡាចំនួន៦ដើម ហើយលោកក៏បានលើកទឹកចិត្តដល់អ្នកគ្រូពេទ្យឆ្មបចំនួន២នាក់ នៅទូរស័ព្ទទំនើបម្នាក់មួយគ្រឿង ដោយគាត់មិនបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយជាប់សម្រាលកូនដល់ប្រជាពលរដ្ឋចំនួន៧នាក់។ បន្ទាប់មក លោកប្រធានក្រុមការងារបានចុះពិនិត្យសកម្មភាពធ្វើផ្ទះដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់ប្រជាពលរដ្ឋដែលគ្មានផ្ទះសម្បែងនោះផងដែរ៕