(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជន បានលើកឡើងថា កម្មករ-កម្មការិនីក៏ជាកម្លាំងដ៏រឹងមាំមួយក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន។

លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពក្នុងឱកាសខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរទៅមុខរបស់សង្គមជាតិ។

លោកបានយ៉ាងដូច្នេះថា «កម្មករ-កម្មការិនីក៏ជាកម្លាំងដ៏រឹងមាំមួយក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន»

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត។

ប្រជាពលរដ្ឋជាម្ចាស់កម្មសិទិ្ធនៃសន្តិភាព និងភាពសុខសាន្ត ដែលគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងសម្រេចបានដូចសព្វថ្ងៃនេះ ដោយបានបូជាលះបង់នូវសាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាង។

តទៅមុខទៀត គណបក្សប្រជាជនកម្ពុជាក៏បានប្តេជ្ញារួចមកហើយក្នុងការបន្តថែរក្សាសន្តិភាពឱ្យបានដាច់ខាត ដោយហេតុថាសន្តិភាពនេះហើយក៏ជាកត្តាមួយដែលផ្តល់លំនឹងទំនុកចិត្តដល់អ្នកវិនិយោគបរទេស និងការសម្រេចបាននូវនិរន្តរភាពនៃឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដែលប្រធានបទនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដែលធ្លាប់ទទួលរងការញាំញីដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ កម្ពុជាបានខិតខំដោះស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការដឹកនាំដ៏មោះមុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងធ្លុងមហាសាមគ្គីភាពជាតិ តាមរយៈការចូលរួមប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ៕