(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងពីទីក្រុងវេនីស Venice នៃប្រទេសអ៉ីតាលីថា បើយើងធ្វើដំណើរមកដល់ទីក្រុងវេនីស Venice ឬ Venezia នៃប្រទេសអ៉ីតាលី ដែលជាទីក្រុងបុរាណបណ្ដែតខ្លួនលើផ្ទៃសមុទ្រអាឌ្រីអាទិច Adriatic ឬហៅថា «រាជនីនៃសមុទ្រអាឌ្រីអាទិច Queen of the Adriatic» គឺបានធ្វើឲ្យយើងនឹកទៅដល់ឈ្មោះម៉ារកូ ប៉ូទ្បូ Marco Polo ជាអ្នកជំនួញផ្លូវទឹកនៅអឺរ៉ុបដែលបានទៅដល់អាស៊ី កាលពីសម័យបុរាណ សព្វថ្ងៃហៅថា «ផ្លូវសូត្រ»

សព្វថ្ងៃបើពោលអំពីប្រភពប្រវត្ដិសាស្រ្ដខ្មែរ ជាទូទៅយើងដឹងតាមសិលាចារិក សាស្រ្ដាស្លឹករឹត ពង្សសាវតារ ឬប្រភពពីបរទេស មានដូចជាចិន ព័រទុយហ្គោល ហូទ្បង់ អេស្បាញ ជប៉ុន និងបារាំងជាដើម។ ម្យ៉ាងទៀតបើពោលអំពីប្រភពបរទេសនេះទៀតសោត នាសម័យអង្គរ យើងដឹងតែពីជីវតាក្វាន់ Zhou Daguan ជាបេសកម្មទូតចិននៃអធិរាជម៉ុងហ្គោលយន់ Yuan dynasty ដែលបានធ្វើដំណើរតាមផ្លូវទឹកទៅដល់ចក្រភពអង្គរនៅឆ្នាំ១២៩៦ និងបានស្នាក់នៅជិតមួយឆ្នាំនៅ Ganpuzhi (កម្ពុជា) មុនពេលត្រឡប់ទៅចិនវិញនៅឆ្នាំ១២៩៧ ដោយបានកត់ត្រាអំពីទឹកដី និងប្រពៃណីប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ រីឯ Marco Polo ជាបេសកម្មទូតចិន នៃអធិរាជម៉ុងហ្គោលយន់ ដែលជាជនជាតិអ៉ីតាលី នៃទីក្រុងវេនីស Venice មកពីតំបន់អឺរ៉ុបវិញ ហាក់គ្មាននរណាស្គាល់នោះទេ។

លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិការនេះបើយើងពោលអំពីសាវតារ ម៉ារកូ ប៉ូឡូ Marco Polo ជាកូនចេញពីគ្រួសារជាអ្នកជំនួញ នៅទីក្រុងវេនីស ។ ដោយហេតុថានាសម័យនោះប្រទេសអ៉ីតាលី មានការបែកបាក់ជារដ្ឋតូចៗ និងស្ថិតក្នុងកាល:ទេស:ស្រុកទេសមានសង្រ្គាមផងនោះ ក៏បានបង្ខំចិត្ដឲ្យម៉ារកូ ប៉ូទ្បូ Marco Polo ធ្វើដំណើរផ្សងព្រេងទៅដល់ចក្រភពពែក្ស (អ៉ីរ៉ង់) និងបង្ហួសទៅដល់ទឹកដីឥណ្ឌា រហូតបន្តដំណើរទៅដល់ទឹកដីប្រទេសចិន នៅគ.ស. ១២៧៦ ដែលកាលណោះស្ថិតក្រោមការគ្រប់គ្រងនៃអធិរាជម៉ុងហ្គោលយន់ ព្រះចៅគូប៊ីឡៃខាន់ Kublai Khan ជាស្ដេចដ៏មានឥទ្ធិពលបំផុត។

បន្ទាប់ពីម៉ារកូ ប៉ូទ្បូ Marco Polo ទៅដល់ចិន ព្រះចៅគូប៊ីឡៃខាន់ Kublai Khan នៃអធិរាជម៉ុងហ្គោលយន់ Yuan dynasty ព្រះអង្គបានសព្វរាជហឬទ័យទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ពួកអឺរ៉ុបទាំងនេះ។ ស្ថិតក្រោមរជ្ជកាលព្រះចៅគូប៊ីឡៃខាន់Kublai Khan គឺ ម៉ារកូ ប៉ូឡូMarco Polo បានទទួលជាបេសកម្មទូតចិន និងបានបំពេញបេសកម្មតាមបណ្ដាប្រទេសដូចជា អាណាចក្រចាម្ប៉ា (វៀតណាម) អាណាចក្របាហ្កាន (ភូមា) និងចក្រភពខ្មែរសម័យអង្គរ ជាដើម។

លោក រត្ន័ សណ្ដាប់ បន្ដថាអ្វីដែល ម៉ារកូ ប៉ូទ្បូ Marco Polo បានកត់ត្រាអំពីកម្ពុជានាសម័យនោះបានរៀបរាប់អំពីភាពសម្បូរបែបនៃសត្វដំរីនៅ Locach នៃចក្រភពខ្មែរសម័យអង្គរ សម្រាប់ជាសួយសារអាករទៅក្រុងចិន។ ជីវ តាក្វាន់ Zhou Daguan ហៅថា «Zhenla» កម្ពុជា។

ម៉ារកូ ប៉ូទ្បូ Marco Polo កើតនៅគ.ស.១២៥៤-១៣២៤ ដោយទទួលមរណភាពក្នុងជន្មាយុ៧០ឆ្នាំនៅលើទឹកដីនៃរដ្ឋបុរីវេនីស។ តាមរយ:កំណត់ត្រារបស់ ម៉ារកូ ប៉ូឡូ Marco Polo នេះហើយ ទើបរាប់រយឆ្នាំក្រោយមកបានជំរុញឲ្យមានអ្នកផ្សងព្រេងក្រោយៗទៀត ជាបន្ដបន្ទាប់ទៅទ្វីបអាមេរិក ដូចជា គ្រីស្ដុប កូឡុំ Christopher Columbus និង ហ្វ៊ែរឌីណង់ ម៉ាសេឡង់ Ferdinand Magellan ជាដើម រហូតក្រោយមកពិភពលោក ឈានដល់របត់ប្រវត្តិសាស្ត្រគឺព្រឹត្តិការណ៍អាណានិគម។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ទីក្រុងវេនីស ជាទីក្រុងបុរាណ ដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងនេះ តាមព្រែកធំមានរាងជាអក្សរ «S» ដែលអមទៅដោយកោះតូចៗ ចំនួន១២៤តភ្ជាប់គ្នាដោយស្ពានចំនួន៤០០នៅលើព្រែកតូចៗ១៨៣ ផ្សេងទៀត សម្រាប់ការធ្វើជំនួញនិងធ្វើដំណើរដឹកជញ្ជួនតាមព្រែក។ ម្លោះហើយមធ្យោបាយដឹកជញ្ជួនទីក្រុងនេះគ្មានទ្បាន ឬម៉ូតូនោះទេគឺតាម «ទូកចេវហ្គនដូទ្បា Gondola» យ៉ាងស្រស់ស្អាត។

ក្នុងនោះកោះ ម៉ូរ៉ាណូ Murano គឺជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ មួយមានភាពល្បីល្បាញដោយការផលិតកញ្ចក់កែវ ម៉ូរ៉ាណូ Murano មានប្រវត្ដិរាប់រយឆ្នាំ និងមានភាពល្បីល្បាញពាសពេញពិភពលោក។ ដូច្នេះទីក្រុងវេនីស Venice ជាទីក្រុងដែលអណ្ដែតខ្លួនលើផ្ទៃសមុទ្រជាង១០០០ឆ្នាំមកហើយ ដោយប្រើគ្រឹះឈើរាប់លានដើមដើម្បីទ្រអាគាររាប់ពាន់អាចឈរនៅលើផ្ទៃទឹកយ៉ាងស្រស់បំព្រង៕