(ព្រះវិហារ)៖ សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ច័ន្ទ សុភ័ក្រ្ដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះជួយស្រុកឆែប ដោយមានការចូលរួមពីអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកឆែប ចុះជួយឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមជិកាគណបក្សជាច្រើនរូបទៀត។

លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងស្វាគមន៍យ៉ាងដ៏កក់ក្តៅបំផុត និងបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសមាជិក-សមាជិកាទាំងអស់ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងនូវការណែនាំដល់សមាជិក-សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជាទាំង៩០រូប ដែលបានប្រកាសទទួលស្គាល់ជ្លូវការនៅពេលនេះ ត្រូវប្រែក្លាយការគាំទ្រគណបក្ស ជាសន្លឹកឆ្នោត១សន្លឹកបោះជូនគណបក្សប្រជាជនកម្ពុជា ពិសេសនាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដើម្បីគណបក្សមានឱកាសដឹកនាំនៅមូលដ្ឋានឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត។

លោក ច័ន្ទ សុភ័ក្ត្រា បានឧបត្ថម្ភថវិកាចំនួន១០០០,០០០រៀលជូនប្រជាការពារឃុំកំពង់ស្រឡៅពីរ និងឧបត្ថម្ភសមាជិក-សមាជិកាថ្មីចំនួន៩០នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន២០,០០០រៀលផងដែរ៕