(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ អាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោកស្រី តំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា បញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តហង្សាវត្តី ហៅវត្តវាលម្លូរ ស្ថិតនៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី វង សូត បានចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែកនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋ។

លោកថា «នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពតរហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាច្រើនកុះករ នេះជាការបញ្ជាក់បានថាការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ»

លោករដ្ឋមន្ត្រីបន្តថា នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន អាចមើលឃើញថា សម្តេចតេជោគឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក និងខេត្តត្បូងឃ្មុំទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌ យុត្តិធម៌ គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំ លើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំ យើងជាក់ជាមិនខាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី វង សូត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វង សូត បានប្រគេននូវបច្ច័យចំនួន២០លានរៀលរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិស្សុតវង្សា សៅទី ហេង សំរិន និង១០លានទៀតរបស់លោក ប៉ា ម៉េងហុក និងក្រុមការចុះជួយឃុំវាលម្លូរដល់វត្តហង្សាវត្ថី ហៅវត្តវាលម្លូរផងដែរ។

បើតាមរបាយការណ៍របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យថា វត្តហង្សាវត្តី មានផ្ទៃដីសរុប២៣,៨០០ម៉ែត្រការ៉េ ស្ថិតនៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក គឺត្រូវបានផ្ដួចផ្ដើមសាងសងឡើងដោយព្រះគ្រូចៅអធិការ ព្រះនាម ម៉ៅ ជា ក្នុងឆ្នាំ១៨១៧ មានអាយុកាល២០៥ឆ្នាំ បើគិតមកដល់បច្ចុប្បន្ន មានព្រះគ្រូចៅអធិការវត្តចំនួន១២អង្គ។ ម្យ៉ាងទៀត សមិទ្ធផលដែលត្រូវសម្ភោធឆ្លងនៅវត្តហង្សាវត្តី ហៅវត្តវាលម្លូរ នាពេលនេះ រួមមាន ព្រះវិហារថ្មី មានទំហំ១៧គុណ៩ម៉ែត្រ (អស់ទឹកប្រាក់ចំនួន១៩៣,៦១៧ដុល្លារ និងសមិទ្ធផលនានាចំណាទឹកប្រាក់សរុបចំនួន២៥៧,១១៧.៤៩ដុល្លាអាមេរិក ក្នុងនោះមានការចូលរួមឧបត្ថម្ភពីសប្បុរសជន ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើវត្តក្នុងនិងក្រៅប្រទេស៕