(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបំនូវកម្មវិធីស្ទាបស្ទង់មតិមួយ ដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំ។

កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ របស់មន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌល ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងនៅរដ្ឋបាលកណ្តាល និងនៅតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង២៥ រាជធានី-ខេត្ត ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការ គ្រប់ស្ថាប័នឲ្យឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាស់ស្មារតី ដល់មន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវះកាត់នៅពេលណាមួយ។

គួររំឭកផងដែរថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ធ្លាប់ត្រូវបានរៀបចំប៉ុន្មានដងរួចមកហើយ កាលពីអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម តែសម្រាប់ពេលនេះ គឺជាលើកទី២ សម្រាប់ក្រសួងថ្មី គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំកម្មវិធីនេះឡើង។

ខាងក្រោមនេះ ជាលទ្ធផលនៃការស្ទាបស្ទង់មតិ (លើកទី២) «ភ្នែកមហាជនរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលបានធ្វើការបោះឆ្នោតស្ទាបស្ទង់មតិកាលពីខែមីនា ឆ្នាំ២០២២ (លោកអ្នកក៏អាចធ្វើការដោនឡូតឯកសារ PDF តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ https://misti.gov.kh/ និងតាមរយៈ Link ទៅកាន់ឯកសារផ្ទាល់ https://misti.gov.kh/eyepublic (https://misti.gov.kh/eyepublic))៖