(ពោធិ៍សាត់)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានករណីជនសង្ស័យលួចម៉ូតូពីភ្នំពេញ ជិះគេចខ្លួនមកពោធិ៍សាត់ ទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៥។

ប្រតិបត្តិការឃាត់ខ្លួន ធ្វើឡើងនាវេលាម៉ោង ០៧៖១៣នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ចំណុចខាងកើតរង្វង់មូលផ្តិល ចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នាវេលាម៉ោង ០៤៖៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅការ៉ាស់សាំង PTT ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីចោរលួចម៉ូតូ០១គ្រឿង ម៉ាកKAWAZAKI Z1000R Edition ពណ៌ខ្មៅ-ត្រួយចេក ផលិតនៅឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1JD-9955 រួចជិះគេចខ្លួនបាត់ ដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ អ៊ន រតនៈសិលា ភេទប្រុស អាយុ២៦ឆ្នាំ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។

លោកអធិការបន្តថា ក្រោយមកជនរងគ្រោះ ក៏បានទទួលតម្រុយថា ជនសង្ស័យបានជិះគេចខ្លួន មកកាន់ខេត្តពោធិ៍សាត់ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីឱ្យជួយអន្តរាគមន៍ ស្វែងរកជនសង្ស័យនឹងម៉ូតូ ដែលមានភិនភាគខាងលើ។

លោកអធិការបន្ថែមថា ក្រោយពីបានទទួលពាក្យបណ្ដឹងរួច រូបលោកក៏បានដឹកនាំកម្លាំងពួនស្ទាក់ រង់ចាំឃ្លាំមើលភិនភាគម៉ូតូខាងលើ នៅតាមដងផ្លូវជាតិលេខ៥។ លុះវេលាម៉ោង ០៧ ៖១៣នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចខាងកើតរង្វង់មូលផ្តិល ចម្ងាយប្រហែល៥០០ម៉ែត្រ ក៏បានប្រទះម៉ូតូដែលមានភិនភាគខាងលើ ជិះទិសដៅពីកើតទៅលិច កម្លាំងក៏បានសុំឱ្យជនសង្ស័យឈប់ម៉ូតូ ប៉ុន្តែជនសង្ស័យក៏បានជិះម៉ូតូបកទៅក្រោយ ដើម្បីគេចខ្លួន តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

លោកវរសេនីយ៍ទោ កែវ សារិ បានឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ លន់ ធារិទ្ធ ហៅធិ អាយុ៣១ឆ្នាំ ទីលំនៅមិនពិតប្រាកដ រាធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំចាត់ការបន្តតាមនីតិវិធី៕