(ភ្នំពេញ)៖ សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានឈានចូលដល់ដំណាក់កាលថ្មីមួយ ដោយកងទ័ពរុស្ស៉ី បានប្តូរយុទ្ធសាស្រ្តពីការវាយប្រហាររដ្ឋធានីកៀវ មកវាយប្រហារនៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនវិញ ដែលការវិវត្តថ្មីនេះ បានបង្កើតជាចម្ងល់ជាច្រើនចំពោះចំហររបស់រុស្ស៉ី។

ពាក់ព័ន្ធនឹងករណីនេះ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី Sofi Oborskaia មន្ត្រីទូតរុស្ស៊ី និងលោក Rafael Iangareev មន្រ្តីផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈប្រចាំទូតរុស្ស៊ី ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖

សំណួរទី១៖ រយៈពេលជាង២ខែមកហើយ ដែលរុស្ស៊ីបើកការវាយប្រហារចូលក្នុងទឹកដីរបស់អ៊ុយក្រែន ដែលនេះជាការអូសបន្លាយវែងមួយ ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំង នោះគឺកងទ័ពមហារបស់រុស្ស៊ី មិនអាចវាយដណ្តើមចូលរដ្ឋធានីកៀវរបស់អ៊ុយក្រែនដូចផែនការរបស់ខ្លួនឡើយ ដោយមូលហេតុនេះ តើប្រធានាធិបតីរុស្ស៊ី លោក ពូទីន មានបំណងប្តូរផែនការធំរបស់ខ្លួនដែរឬទេ ដោយបង្វែរពីការប្រយុទ្ធ ដើម្បីកាន់កាប់អ៊ុយក្រែនទាំងមូល មកជាការវាយប្រហារដើម្បីគ្រប់គ្រងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ដែលក្នុងនោះមានតំបន់ Donetsk និង Luhansk ហើយបន្ទាប់មក សង្រ្គាមនឹងបញ្ចប់ឬយ៉ាងណា? ឬបន្តវាយចូលរដ្ឋធានីកៀវបន្ថែមទៀត?

ចម្លើយ៖ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសកាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ថា រុស្ស៊ីគ្មានផែនការកាន់កាប់អ៊ុយក្រែនទេ។ ប្រតិបត្តិការពិសេសនឹងត្រូវបានបញ្ចប់នៅពេលដែលគោលបំណងទាំងអស់នៃប្រតិបត្តិការបានសម្រេច។ ប្រតិបត្តិការមានគោលបំណងក្នុងការលុបបំបាត់ មនោគមវិជ្ជាណាហ្ស៊ីនៅអ៊ុយក្រែន លុបបំបាត់ការប្រើប្រាស់យោធានៅអ៊ុយក្រែន និងការលុបបំបាត់ការគំរាមកំហែងផ្នែកយោធាប្រឆាំងនឹងរុស្ស៊ី។

សំណួរទី២៖ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលជាសមាជិក NATO នៅខែឧសភាខាងមុខនេះ។ ប្រសិនបើពួកគេចូលជាសមាជិក តើរុស្ស៊ីនឹងធ្វើអ្វីចំពោះប្រទេសទាំងពីរ?

ចម្លើយ៖ លទ្ធភាពនៃការចូលរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតត្រូវបានមើលឃើញថាយ៉ាងសកម្ម។ រុស្ស៊ីដឹងយ៉ាងច្បាស់អំពីគោលបំណងរបស់ពួកគេ ក្នុងការចូលរួមជាសមាជិក NATO ហើយរុស្ស៊ីក៏ដឹងដែរថា ទឹកដីនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត ត្រូវបានប្រើប្រាស់ជាយូរមកហើយសម្រាប់សមយុទ្ធ និងការហ្វឹកហ្វឺនផ្នែកយោធារបស់ NATO ក៏ដូចជាការពង្រឹង និងពង្រីកផ្នែកយោធា។ ក្នុងន័យនេះ ប្រទេសហ្វាំងឡង់ និងស៊ុយអែតក៏គួរដឹងពីផលវិបាកនៃបំណងរបស់ពួកគេ ជាពិសេសចំពោះសន្តិសុខនៅអឺរ៉ុប។ ប្រសិនបើពួកគេធ្វើដូច្នេះមែន រុស្ស៊ីនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកយោធា យោធា និងកងទ័ពជើងទឹកអោយខ្លាំងជាងមុនទ្វេដង។

សំណួរទី៣៖ តើលោកចង់ឃើញការបញ្ចប់សង្រ្គាមដោយការចរចា ឬប្រយុទ្ធដើម្បីយកឈ្នះចាញ់?

ចម្លើយ៖ មានការចរចារកន្លងមកជាច្រើន ដែលធ្វើឡើងរវាងប្រទេសទាំងពីរ ជាក់ស្តែង កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ហើយជាការពិតណាស់ រុស្ស៊ីបើកចំហសម្រាប់កិច្ចចរចាទាំងឡាយ និងមានចាប់អារម្មណ៍ក្នុងការធានានូវកិច្ចព្រមព្រៀងទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាក់ស្តែងក្នុងកិច្ចពិភាក្សាកន្លងមក ភាគីអ៊ុយក្រែន បានលើកឡើងពីការព្រួយបារម្ភអំពីការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន ហើយរុស្ស៊ីក៏បានយល់ព្រមលើចំណុចនេះ៕