(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី៣០ នៃតួនាទីរបស់ប្រទេសអូស្រ្តាលីក្នុងសម័យអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ (UNTAC) ក្នុងនោះរដ្ឋាភិបាលអូស្រ្តាលី តំណាងដោយឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំង UNTAC ដែលពិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារ The Raffles Hotel Le Royal។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលបានរៀបចំនូវព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងប្រវត្តិសាស្រ្តកម្ពុជា ពាក់ព័ន្ធនឹងតួនាទីសំខាន់ៗរបស់ប្រទេសអូស្រ្តាលី ក្នុងកិច្ចដំណើរការគាំទ្រដល់សន្តិភាពនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងលើកឡើងថា អូស្ត្រាលី ជាប្រទេសមួយស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏សំខាន់នៃដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ជាមួយនឹងតួនាទីនាំមុខ ក្នុងអំឡុងពេលបេសកកម្មអ៊ុនតាក់ ដោយបានបញ្ជូននូវកងកម្លាំងរក្សាសន្តិភាពជាច្រើន ដឹកនាំដោយ ឧត្តមសេនីយ John Sanderson អគ្គមេបញ្ជាការកងទ័ព។ ចាប់តាំងពីពេលនោះមក អូស្ត្រាលីបានបន្តរក្សានៅដំណើរ ចូលរួមគាំទ្រដល់កម្ពុជាឆ្ពោះទៅរកស្ថិរភាព និងការស្តារឡើងវិញ ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំមួយ រួមទាំងជំនួយក្នុងការដោះមីនផងដែរ។

លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ ប្រទេសអូស្រ្តាលី បានរួមចំណែកដ៏សំខាន់ដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទ សម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជារួមចំណែកដល់សមិទ្ធិផលដ៏មានមោទនភាព។ បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរជាអន្តរជាតិ ក្រោមសកម្មភាពទាំងក្នុងប្រទេស និងអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនចំនួន ៧.៨៩៩ នាក់ ទៅចូលរួមបម្រើការងារក្រោមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសជាច្រើន ដែលមានជំនាញផ្នែកដោះមីន និងវិស្វកម្ម។

លោកបន្តថា «នេះជាសមិទ្ធិផលដ៏លេចធ្លោមួយ ដែលអនុញ្ញាតឱ្យទង់ជាតិកម្ពុជាឈរក្នុងចំណោមទង់ប្រទេសដទៃទៀត ដែលបានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិដូចគ្នា ដូចដែលយើងក្រឡេកទៅមើល កាលពី៣០ឆ្នាំមុន នៅពេលដែលកម្ពុជាបានទទួលយកកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏អាប់អួរនេះ ដែលពោរពេញទៅដោយជម្លោះ និងការប្រឈមមុខដាក់គ្នា។ កម្ពុជា នឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពពិភពលោក»។

លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គពិធីថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់ ដែលបាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការឯកភាពជាតិកម្ពុជា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលជាចំណុចស្នូលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្តេចតេជោ បានបញ្ចប់ចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនស្លូតត្រង់ប្រមាណជាង ២ លាននាក់ និងការបំផ្លិចបំផ្លាញដ៏ធំនៃហេដ្ឋារចនាសម្ព័ន្ធសង្គម និងរូបវន្តរបស់ប្រទេស ខណៈពេលដែលពួកគេកាន់អំណាច។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះក៏ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ ដែលក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងស្និទ្ធស្នាល ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ការដោះមីន ការថែទាំសុខភាព និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕