(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ (គ.ស.អ) បានដឹកនាំកិច្ចប្រជុំណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ងួន រតនៈ បានបង្ហាញពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការ ការពារការបោះឆ្នោតរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ជូនភាគីចូលរួមការបោះឆ្នោតនៅទូទាំងខេត្ត មានការជឿទុកចិត្ត តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិល អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេសគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត/ឃុំ/សង្កាត់ អង្គការសង្គមស៉ីវិល និងគណបក្សនយោបាយ ឱ្យបានជ្រួតជ្រាបយល់ដឹងទាំងអស់គ្នា អំពីផែនការការពារក៏ដូចជាការអនុវត្តការបោះឆ្នោត នៅពេលខាងមុខ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ដើម្បីឆ្លើយតបដោយរលូន តាមការគ្រោងទុកតាមការចង់បានរបស់គណៈកម្មការរៀបចំការបោះឆ្នោត លោកអភិបាលខេត្ត បានសំណូមពរដល់សមាជិកអស់ ធ្វើម៉េចបង្កើននូវភាពសហការគ្នាបានល្អ៕