(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យធ្វើការទំនាក់ទំនងភ្លាមៗមកកាន់មន្ត្រីពាក់ព័ន្ធ ពិសេសអាជ្ញាធរភូមិ-សង្កាត់ បើក្នុងករណីជួបការខ្វះខាតទីទាល់ក្នុងជីវភាពរស់នៅ ដើម្បីមានវិធានការ ក្នុងការរិះរកដំណោះស្រាយជូនតាមលទ្ធភាព និងទាន់ពេលវេលា។

ការផ្ដាំផ្ញើរបស់លោក ជា ពិសី បានធ្វើឡើងដោយមានការចូលរួមពីលោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រងទឹកល្អក់ទី២ និងលោក-លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការរដ្ឋបាលសង្កាត់ នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់មួយចំនួនទៀត នៅក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ថ្នាំព្យាបាលជម្ងឺ និងថវិកាដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចាស់ជរា និងជនពិការចំនួន៣០គ្រួសារ ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ក្នុងសកម្មភាពមនុស្សធម៌របស់លោក ជា ពិសី ក្នុងការបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ថ្នាំព្យាបាលជម្ងឺ និងថវិកាមកឧបត្ថម្ភនាពេលនេះ គឺក្នុងគោលបំណង ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ក្រោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ដែលជាសេនាធិការ។

លោក ជា ពិសី ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺ ទីណាក៏ដោយ ឱ្យតែមានប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឬជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច។

សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករមួយប៉ាវ (២៥គីឡូ) ត្រីខ១យួរ, ទឹកត្រី១យួរ, ម៉ាស់១ប្រអប់, ជែលលាងសម្លាប់មេរោគ១ដប, ថ្នាំគ្រាប់សម្រាប់ព្យាបាលជម្ងឺទូទៅ១កញ្ចប់ និងថវិកាចំនួន ៣០,០០០រៀល៕