(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ ហើយយកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។

ការលើកឡើងរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងឱកាសដែលសម្ដេច បានអនុញាតឱ្យ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះ លោក យ៉ាម៉ាសាគិ បានគោរពកោតសរសើរកម្ពុជា ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ។

លោកបានគោរពជម្រាបជូនសម្ដេចថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យការពារជាតិ ស្របតាមសេចក្ដីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

លោក យ៉ាម៉ាសាគិ បានគោរពជម្រាបជូន សម្ដេចតេជោបន្ថែមថា លោកបានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងសម្ដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សាជាមួយ លោក វង្ស ពិសេន និងលោក ហ៊ុន ម៉ាណែត និងចំពោះអ្វីដែលបានលើកឡើង៕