(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ពន្ធ័យុវជនមុស្លីមរាជធានីភ្នំពេញ អញ្ជើញចូលរួមពិសារអាហារសាមគ្គីស្រាយបួស ខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយមន្ត្រីថ្នាក់ដឹកនាំឥស្លាម, ប្រធានអង្គការ-សមាគម, តំណាងនិស្សិតតាមសាកលវិទ្យាល័យនានានៅកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំដោយ សមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) សហការជាមួយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) នៅលើទូកទេសចរណ៍ទន្លេចតុមុខ។

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោក ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលកំពត, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងអង្គការ-សមាគម តំណាងនិស្សិតតាមសកលវិទ្យាល័យនានា នៅកម្ពុជា ចំនួន១១០នាក់ផងដែរ។

លោកបានលើកឡើងថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មិត្តភាព ពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងរវាង ថ្នាក់ដឹកនាំឥស្លាមជួររដ្ឋាភិបាល ប្រធានអង្គការ-សមាគម និងសិស្សនិស្សិតទាំងអស់គ្នាផងដែរ។

លោកបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត៕