(កណ្តាល)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដែលបានមកពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយ មូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា ជូនប្រជាពលរដ្ឋ ៤០០គ្រួសារ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជា សុរក្សា អភិបាលរងក្រុងតាខ្មៅ, លោក ស៊ូ សេន អុីមាំខេត្តកណ្ដាល និងជាចៅសង្កាត់រងសង្កាត់ដើមមៀន ក្រុមតាខ្មៅ,លោក ឯក សំណាង ចៅសង្កាត់ដើមមៀន, លោក លោកស្រី សមាជិករដ្ឋសភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល គណៈអុីមាំ ភូឈួយ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ អង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍។ លោកបានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ-សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដល់ចំនួន ៤៦,២៥២កញ្ចប់ ដែលបានបែងចែកទៅដល់ ៤២,៩៦០គ្រួសារ សរុបជាថវិកា៧២៨,៤៩៤ដុល្លារ, រួមទាំងគោគួរ បានចំនួន៦,៩២០ក្បាល និងពពែចំនួន១,៧៤០ក្បាល ដែលសរុបជាថវិកា៣,៣៧៨,៤២១ដុល្លារ។

ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើងដល់ ៧៤,៩២១កញ្ចប់ ដែលបានបែងចែកទៅដល់ ៧៣,១៩២គ្រួសារ សរុបជាថវិកា១,៣៨៤,៦៣៩ដុល្លារ, រួមទាំងគោគួរបាន ចំនួន៨,២១០ក្បាល និងពពែចំនួន១,៨២៥ក្បាល ដែលសរុបជាថវិកា ចំនួន៤,៤៥៦,២៩៨ដុល្លារ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តទទួលបានម្លប់សុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់ចែកជូន ប្រជាពលរដ្ឋក្នុងកម្មវិធីនេះរួមមាន អង្ករ ៥តោន, មី ៤០កេស, ទឹកដោះគោ ១៦កេស, ស្ករស ៤០០គីឡូក្រាម និង ល្មើ ២០០គីឡូក្រាម៕