(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពី បញ្ហាកង្វះទឹកស្អាត នៅបូរីពិភពថ្មីឈូកវ៉ា២

ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា មូលហេតុនៃបញ្ហាកង្វះទឹកស្អាត
ដោយសារចាប់តាំងពីដើមឆ្នាំ២០២២មក ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋ ក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យ មានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលនឹងគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតទឹកស្អាតក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែម ប្រមាណ ៤០០.០០០ម៉ែគីបក្នុងមួយថ្ងៃ លើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០ម៉ែត្រថ្ងៃ។ ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១.០០០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្នុងអំឡុងពេលមានបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២នេះ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកជញ្ជូនទឹកស្អាត ទៅបំពេញធុងទឹក សម្រាប់ចែកចាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាចទៅយកទឹកមកប្រើប្រាស់បានផងដែរ៕