(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ត្រូវបានជ្រេីសតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១។ ជាមួយការទទួលបានតួនាទីនេះ លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាខិតខំរិះរក និងដាក់ចេញនូវយន្តការមួយចំនួន ដេីម្បីលេីកកម្ពស់ការគាំទ្រផលិតផលខ្មែរ។ លោករដ្ឋមន្ត្រី ជឿជាក់ថា ខ្មែរ នឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានបេីកកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក។ កិច្ចប្រជុំបានធ្វេីឡេីងនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ឋ តំណាងខេត្តទាំង១១ នៃគោលដៅគម្រោងអភិវឌ្ឍ អាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់ អ្នកផលិត ក្នុងស្រុក សហគ្រាស មីក្រូ និង SME អង្គការជាតិ អន្តរជាតិ ព្រមទាំងវិស័យឯកជន ផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ព្រមទាំងអង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ដែលបានរួមគ្នាគិតរួមគ្នាធ្វើ ក្នុង ការលើកកម្ពស់ផលិតផលខ្មែរ ទាំងការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារ អត្តសញ្ញាណ ផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ ផលិត ផល១ នៅទូទាំងប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការជាតិជំរុញចលនា១ ផលិតផល១ គឺជាស្ថាប័នរដ្ឋមួយ ដែល មានបេសកកម្ម សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។ ហើយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារនេះ បានស្តែងចេញសកម្មភាព និងសមិទ្ធផលនានាជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង ក្នុងការជួយដល់កសិករ ផលិតករ សិប្បករ និងសេវាករ ក្នុងនោះរួមទាំងការរៀបចំ និងអនុម័តឯកសារគតិយុត្តនានា ការបណ្តុះបណ្តាលសហគមន៍ ការខិតខំរកដៃគូសហការ ពីវិស័យឯកជន និង អង្គការដៃគូអភិវឌ្ឍនានាជាដើម។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទិសដៅដ៏ធំធេងនេះ គណៈកម្មាធិការជាតិ បានរៀបចំរចនាសម្ព័ន្ធ គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្ត និងការចាត់តាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាសមាជិកនៃគណៈកម្មាធិការជាតិនេះ។ ក្នុងនោះ រាជរដ្ឋាភិបាលបានចាត់តាំង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិនេះ ដោយក្រសួងនេះជាស្ថាប័នគន្លឹះមួយដើម្បីជួយរកទីផ្សារលក់ផលិត ផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។

លោករដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងជំរុញឱ្យមន្ត្រីពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ឱ្យកាន់តែជិតស្និទ្ធ និងសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ហើយលោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ខ្មែរ នឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ជាគ្នាមួយនេះ លោករដ្ឋមន្រ្តី ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោកឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់ទំនុកចិត្ត និងបានតែងតាំងលោក ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នេះ។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាស មីក្រូ និង SME ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិត ផល១ (គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ។ បច្ចុប្បន្នអគ្គលេខាធិការដ្ឋាន បាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គ.ជ.ភ១.ផ១. បានទទួលស្គាល់ជាផ្លូវការ ជាផលិតផលភូមិ១ ផលិតផល១ ចំនួន ១២១មុខ ក្នុង ១០ខេត្ត ព្រមទាំងបានសហការ ជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍ ផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់ សក្តានុពល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិជន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕