(ព្រះវិហារ)៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង ក្នុងហេតុការណ៍ផ្ទុះមីនតោនមួយករណី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចអូរសឹង ចំងាយប្រហែល៣គីឡូម៉ែត្រ ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់ថា មុនពេលហេតុការណ៍កើតឡើង ជនរងគ្រោះបានបើកត្រាក់ទ័រតែម្នាក់ឯងមកពីភ្ជួរដី លុះមកដល់កន្លែងកើតហេតុ បានជាន់មីនតោនបណ្ដាលឲ្យ ផ្ទុះកក្រើកឡើង ធ្វើឲ្យរងរបួសធ្ងន់ ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តសៀមរាប។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ី សៀក អាយុ៤៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕