(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់សន្តិសុខ និងបុគ្គលិកកាស៉ីណូ ខណៈបុរសម្នាក់លោតពីលើអាគារកាស៉ីណូឃីងក្រោន ត្រូវបុគ្គលិករួមការងារប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ តែបានដាច់ខ្យល់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖២៥នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណកាស៉ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ TRINH CONG HUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានឲ្យដឹងទៀតថា មានបុគ្គលិកក្រុមហ៊ុនម្នាក់ធ្លាក់ពីលើអគារក្រុមហ៊ុន(អគារQ) ជាន់ទី៥ ស្ថិតក្នុងបរិវេណកាស៉ីណូឃីងក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយខាងក្រុមហ៊ុនបានដឹកមកព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូវ៉ាង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ដោយឃើញមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែជាអកុសលបានស្លាប់លើរថយន្តបាត់ទៅហើយ។

បច្ចុប្បន្នសព ត្រូវបានដឹកយកមកទុកនៅក្នុងវត្តពោធិ៍ថ្មី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យបច្ច័យបន្តទៀត៕