(ភ្នំពេញ)៖​ ជនសង្ស័យឆក់កាបូបពីនារីម្នាក់បានសំរេច​ តែរត់មិនរួចត្រូវប្រជាពលរដ្ឋរាប់សិបនាក់ ចាប់បានវាយស្ទើរស្លាប់​ ​នាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦​នេះ នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​។

ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា​ នៅម៉ោងកើតហេតុខាងលើ​ គឺមាននារីម្នាក់ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាមណ្តោយផ្លូវកម្ពុជាក្រោម​ លុះជិះមកដល់មុខមន្ទីរពេទ្យអង្គរធំ​ ក៏មានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងមកតាមក្រោយ​ ស្រាប់តែជិះមកក្បែរនាងជនសង្ស័យទាំង២រូបនោះ បានធ្វើសកម្មភាព​ឆក់កាបូបស្ពាយបានតែម្តង​ បន្ទាប់ពីឆក់បានហើយនារីរងគ្រោះស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយ​​ ជនសង្ស័យទាំង២នាក់នោះ​ រហូតមកដល់ក្រោយមន្ទីរពេទ្យលោកសង្ឃ​ ដោយជនសង្ស័យជាអ្នកឌុបមានការភិតភ័យ​​ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃរបស់នារីរងគ្រោះផងដែរ រួចជិះគេចខ្លួនបាត់។

ដោយឡែក ជនសង្ស័យដែលធ្លាក់នោះត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់​ តែសំណាងល្អត្រូវបានសមត្ថកិច្ច​ ខណ្ឌទួលគោក មកទាន់កុំអីជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។


បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក​យកចេញពីកន្លែងកើតហេតុទៅសួរនាំនៅប៉ុស្តិដើម្បីបញ្ជៀសកុំអោយប្រជាពលរដ្ឋវាយ​ តទៅទៀត៕