(ស្វាយរៀង)៖ រថយន្តដឹកទំនិញធុនយក្ស៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ត្រង់ចំណុចប្រឡាយទាហានឆ្ពោះទៅប៉ុស្តិ៍ព្រំដែន ជប់ព្រីងចម្ងាយជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនយក្សដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមនេះ កើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចប៉ុស្តិ៍ព្រំដែនទំនប់ប្រឡាយថ្មី ភូមិជប់ព្រីងឃុំថ្មី។

ប្រភពបន្តថា រថយន្តដឹកទំនិញគេចពន្ធក្នុងចំណោម៦គ្រឿង រួមមាន៖

*ទី១៖ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខស្វាយរៀង 3A9099
*ទី២៖ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-9974
*ទី៣៖ ស្វាយរៀង 3A-8088
*ទី៤៖ ភ្នំពេញ 3A-3916 ហើយចំនួន២គ្រឿងផ្សេងទៀត មិនអាចផ្តិតយកស្លាកលេខបាន។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមរថយន្តធុនយក្សទាំងនេះ បានធ្វើការនាំទំនិញចេញទៅប្រទេសវៀតណាម កន្លះខែមកហើយ គឺឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័នមកយកប្រាក់ពីឈ្មួញ សង្ស័យត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ។

ចំពោះករណីនេះ មិនអាចសុំការបំភ្លឺពីមន្ត្រីនគបាលប៉ុស្តិ៍ព្រំដែនជប់ព្រីងប្រឡាយដីថ្មីបានទេ មកដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ រីឯលោកវរសេនីយ៍ រស់ ភឿន នាយប៉ុស្តិ៍វរព្រំដែនសំយ៉ោង បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះមិនកើតឡើងក្នុងដែនដីលោកគ្រប់គ្រងទេ គឺជាស្លាបស្តាំរបស់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។

ដោយឡែកលោក ចាន់ តារា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក៏មិនទាន់អាចសុំការបកស្រាយបានដែរ៕